រដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងថា ប្រជាជនអង់គ្លេសរាប់រយគ្រួសារ នឹងចូលរួមក្នុងការធ្វើតេស្តសាកល្បង លើបម្រាមប្រើប្រាស់បណ្តាញសង្គម បទប្បញ្ញត្ដិគោចរ និងការកំណត់ពេលវេលាប្រើប្រាស់កម្មវិធីសង្គមលើកុមារ ដើម្បីចង់ដឹងថា តើបម្រាមបែបនេះមានផលប៉ះពាល់យ៉ាងណាខ្លះដល់ការគេងរបស់កុមារ ជីវិតគ្រួសារ និងការសិក្សានៅសាលារៀន។
រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាអង់គ្លេស លោកស្រី Liz Kendall បាននិយាយកាលពីថ្ងៃអង្គារ (២៤ មីនា) ថា៖ «រដ្ឋាភិបាលប្តេជ្ញាថា នឹងផ្តល់ឱ្យយុវជននូវកុមារភាពដែលពួកគេសមនឹងទទួលបាន និងដើម្បីឱ្យពួកគេត្រៀមលក្ខណៈសម្រាប់ថ្ងៃអនាគត»។

ដូចទៅនឹងរដ្ឋាភិបាលដទៃទៀតដែរ ចក្រភពអង់គ្លេសកំពុងពិចារណាលើវិធានការរឹតត្បិតការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារ។ រដ្ឋាភិបាលបាននិយាយថា ជម្រើសទាំងអស់ត្រូវបានលើកមកពិភាក្សា រួមទាំងការអនុវត្តតាមជំហានរបស់អូស្ត្រាលី ក្នុងការហាមឃាត់ទាំងស្រុងចំពោះក្មេងអាយុក្រោម ១៦ឆ្នាំ មិនឱ្យប្រើប្រាស់បណ្ដាញសង្គម។
អ្នកជំនាញបានលើកឡើងថា មិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយដែលបង្ហាញថា ការហាមឃាត់នេះនឹងមានប្រសិទ្ធភាពនោះទេ ខណៈយុវជនមួយក្រុមនៅទីក្រុងឡុងដ្រ៍ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីពេលថ្មីៗនេះថា ពួកគេប្រឆាំងនឹងការរឹតត្បិតទាំងនេះ។
រដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ថា វិធានការទាំងនេះនឹងត្រូវធ្វើតេស្តសាកល្បងនៅក្នុងលំនៅឋានរបស់យុវវ័យចំនួន ៣០០នាក់ ហើយទិន្នន័យដែលទទួលបានពីការសាកល្បងនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការពិគ្រោះយោបល់ដែលបានចាប់ផ្តើមកាលពីដើមខែនេះលើចំណាត់ការនានា៕

