ភ្នំពេញ៖ ប្រទេសកម្ពុជា និងប៉ាគីស្ថាន នឹងរៀបចំការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ដើម្បីជំរុញចលនាទេសចរណ៍ប្រទេសពីរ មានកំណើនឡើងវិញ។
នេះជាការលើកឡើងនៅក្នុងកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ រវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋថ្មីសាធារណៈរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅនៅក្នុងកម្ពុជា នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាដោយ បានគិតគូរ ខ្លាំងលើការផ្សព្វផ្សាយគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងមានសក្តានុពលនៃប្រទេសទំាងពីរដើម្បីធ្វើអោយយ៉ាងណាអោយប្រជាជននៃប្រទេសទាំងពីរមានការផ្លាស់ប្តូរដំណើរទស្សនាកម្សាន្តពីគ្នាទៅវិញទៅមក អោយបានច្រើនជាពិសេសកំណើនទេសចរណ៍នៅពេលកូវីដ-១៩ មានការធូរសា្រល។
ឯកឧត្តម ថោង ខុន បន្តថា ជាក់ស្តែងនៅក្នុងឆ្នាំកន្លងមកប្រទេសទាំងពីរមិនធ្លាប់មានការធ្វើអនុសារណៈ ការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នោះទេ ហើយនៅក្នុងអាណត្តិការទូតថ្មីរបស់ ប្រទេសប៉ាគីស្ថាននេះ គឺនឹងជម្រុញអោយមានការចុះហត្ថលេខាលើអនុសារណៈការយោគយល់គ្នានេះ ដើម្បីជម្រុញកំណើនចលនាទេសចរប្រទេសទាំងពីរ។
ឯកឧត្តម Zaheeruddin Babar Thaheem ថ្លែងថា នៅក្នុងអណត្តិបេសកកម្មបំពេញការងារកាទូតនៅ កម្ពុជានេះ ការងារដំបូងគឺឯកឧត្តម ចង់ជំរុញចលនាទេសចរអោយមានជាបណ្តើរៗ រវាងប្រទេសទាំងពីរ កម្ពុជា ប៉ាគីស្ថាន ចាប់ពីពេលនេះតទៅ ខណៈកម្ពុជា ប៉ាគីស្ថាន កំពុងសម្រេចគោលដៅការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាជនដូចគ្នា៕អត្ថបទ៖ ស៊ុម សុខជា