រដ្ឋបាលសេរីនិយមកូរ៉េខាងត្បូង បានចាប់ផ្ដើមងាកទៅប្រើប្រាស់វិធានការគ្រាអាសន្ន នៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះ ដោយអនុវត្តនូវវិធានការបង្ការទុកមុន ខណៈដែលភាពមិនប្រាកដប្រជាពីខាងក្រៅ ដោយសារតែជម្លោះប្រដាប់អាវុធ នៅតំបន់មជ្ឈិមបូព៌ា នៅតែបន្តអស់រយៈពេលជាច្រើនសប្តាហ៍។
ដោយសារការរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នបានបង្កឲ្យមានក្ដីបារម្ភជាសាធារណៈ នៅក្នុងប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចូលថាមពល សម្រាប់ឧស្សាហកម្ម លោកប្រធានាធិបតី Lee Jae Myung នឹងធ្វើជាអធិបតី ក្នុងកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការត្រួតពិនិត្យសេដ្ឋកិច្ច ដោយមានប្រធានបុគ្គលិក លោក Kang Hoon-sik ដឹកនាំបន្ទប់វាយតម្លៃស្ថានការណ៍នៅក្នុងវិមាន Blue House ដែលនឹងស្ថិតនៅក្នុងដំណាក់កាលខ្ពស់បំផុតនៃប្រព័ន្ធឆ្លើយតបសេដ្ឋកិច្ចបន្ទាន់បណ្តោះអាសន្នរបស់កូរ៉េខាងត្បូង។

កិច្ចប្រជុំប្រចាំថ្ងៃ សម្រាប់ការត្រួតពិនិត្យសេដ្ឋកិច្ច នឹងត្រូវកោះប្រជុំនៅឯវិមាន Blue House ហើយការិយាល័យប្រធានាធិបតីនេះ មានគម្រោងផ្ដល់សេចក្ដីរាយការណ៍ អំពីលទ្ធផលនៃកិច្ចប្រជុំយ៉ាងហោចណាស់ម្តង ក្នុងមួយសប្តាហ៍ ដោយនៅថ្ងៃពុធនេះមិនទាន់ប្រាកដប្រជា។ ចំណាត់ការនេះកើតឡើងដោយសារការយល់ឃើញរបស់ទីក្រុងសេអ៊ូល ដែលថា ភាពមិនប្រាកដប្រជានៅតំបន់មជ្ឈិមបូព៌ា អាចមានរយៈពេលជាច្រើនខែ។
លោក Hong Ihk-pyo លេខាធិការជាន់ខ្ពស់របស់ប្រធានាធិបតី ទទួលបន្ទុកកិច្ចការនយោបាយ បានប្រាប់អ្នកសារព័ត៌មានថា៖ «រដ្ឋាភិបាលកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ថា (វិបត្តិមជ្ឈិមបូព៌ាអាចបន្តកើតមាន) យ៉ាងហោចណាស់ ៣ខែ និងរហូតដល់ ៦ខែ ខណៈដែលយើងកំពុងរៀបចំវិធានការតបតដោយផ្អែកលើសេណារីយ៉ូជាច្រើន»៕
