មេដឹកនាំបេឡារុសលោក Alexander Lukashenko បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងនាថ្ងៃពុធនេះ តាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។
យោងតាមការអះអាងរបស់រដ្ឋបាលមេដឹកនាំបេឡារុស បានឲ្យដឹងថា លោក Lukashenko នឹងស្នាក់នៅក្នុងប្រទេសកូរ៉េខាងចើងរយៈពេល ២ថ្ងៃ ។ អំឡុងដំណើរទស្សនកិច្ចនេះ លោកនឹងមានជំនួបជាមួយសមភាគីកូរ៉េខាងជើងលោក Kim Jong Un ហើយគេរំពឹងថា បេឡារុស និងកូរ៉េខាងជើង មានបំណងចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព ។

ខណៈពេលនោះដែរ សេវាកម្មព័ត៌មានមេដឹកនាំបេឡារុស និយាយថា ដំណើរទស្សនកិច្ចនេះ មានបំណងពង្រឹងលក្ខខណ្ឌស្របច្បាប់ និងសន្ធិសញ្ញានៃទំនាក់ទំនង ហើយនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីសកម្មជាងមុនរបស់ប្រទេសទាំង ២ ។
ដំណើរទស្សនកិច្ចរបស់លោក Lukashenko បានកើតមានឡើង ក្រោយមេដឹកនាំទាំង ២ បានជួបគ្នាមួយភ្លែតនៅក្រៅពិធីដង្ហែរព្យុហយាត្រាយោធាចិនកាលពីខែកញ្ញា ឆ្នាំ ២០២៥ ជាពេលដែលមេដឹកនាំកូរ៉េខាងជើង អញ្ជើញសមភាគីបេឡារុស ឲ្យមកបំពេញដំណើរទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ៕
