ភ្នំពេញ៖ កិច្ចប្រជុំ AICHR ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០២២នេះ បានប្រកាសមិនលូកដៃចូលកិច្ចការរបស់ប្រទេសមីយ៉ាន់ម៉ានោះទេ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដោយខុសទៅនឹងធម្មនុញ្ញរបស់អាស៊ាន និងលក្ខន្តិកៈរបស់ AICHR ។
ឯកឧត្តម ស្រៀង ចិន្ដា សមាជិកគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងជាជំនួយការ AICHR បានឱ្យដឹងក្រោយពេលប្រជុំអាយឆា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាប្រធាននេះ មានតំណាងប្រទេសមួយចំនួន បានលើកឡើងនូវពីចំណាប់អារម្មណ៍លើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ហើយក្នុងនោះគ្រាន់ជាការសំដែង នូវចំណាប់អារម្មណ៍ ឬកង្វល់ខ្លះៗពាក់ព័ន្ធនឹងមីយ៉ាន់ម៉ាប៉ុណ្ណោះ ។
ឯកឧត្តម បន្តថា ទន្ទឹមនេះ ខាងតំណាងប្រទេសមីយ៉ាន់ម៉ា ក៏បានបកស្រាយពន្យល់ដែរថា គាត់បាននឹងកំពុងធ្វើរឿងដែលពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស នៅមីយ៉ាន់ម៉ា ដូចជាការលើកឡើងនូវអ្វីដែលគាត់បានខិតខំ ដូចជាការផ្ដល់នូវសេវាសុខាភិបាល ឬក៏ប្រព័ន្ធជំនួយសង្គមផ្សេងៗ ដើម្បីជួយដល់ប្រជាជនមីយ៉ាន់ម៉ាហើយ ។
ឯកឧត្តម ស្រៀង ចិន្ដា បានអះអាងថា AICHR មិនលូកដៃចូលកិច្ចការប្រទេសមីយ៉ាន់ម៉ាទេ ដោយសារតែធម្មនុញ្ញអាស៊ាន និងលក្ខខន្តិកៈរបស់ AICHR តម្រូវឱ្យមានការឯកភាពពីគ្រប់ភាគីដើម្បីអាចជជែកពិភាក្សាបាន ។
គួរបញ្ជាក់ថា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) អាណត្តិថ្មីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី បានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំ ជាលើកដំបូង តាមរយៈប្រព័ន្ធវីដេអូ Conference បន្ទាប់ពីបានក្លាយជាអ្នកតំណាង AICHR ជាផ្លូវការ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះនឹងមានរយៈពេល៣ថ្ងៃ ៕ អត្ថបទ៖ បាន សុខរិទ្ធ