អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានប្រាប់ទូរទស្សន៍ India Today ក្នុងបទសម្ភាសន៍មួយថា អ៊ីរ៉ង់កំពុងចរចាជាមួយប្រទេសជាមិត្ត និងប្រទេសជិតខាងទាក់ទងនឹងការសម្របសម្រួល ក្នុងជម្លោះជាមួយសហរដ្ឋអាមេរិក។

លោកបាននិយាយថា មានប្រទេសជាច្រើននៅក្នុងតំបន់ និងក្រៅប្រទេសដែលបានទាក់ទងទៅអ៊ីរ៉ង់ដើម្បីសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ អ្នកការទូតអ៊ីរ៉ង់រូបនេះ បានបន្ថែមថា៖«ការចរចាប្រភេទនេះ កំពុងដំណើរការរវាងអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួន និងប្រទេសជាមិត្តផ្សេងទៀត។ យើងយល់ថា ប្រទេសនានាក្នុងតំបន់ ប្រទេសជិតខាង មានការព្រួយបារម្ភអំពីផលវិបាក ហើយមនុស្សគ្រប់គ្នាកំពុងព្យាយាមជួយស្ថានការណ៍នេះ ឲ្យមានភាពស្ងប់ស្ងាត់»។
នៅពេលសួរអំពីតួនាទីរបស់ប៉ាគីស្ថានក្នុងដំណើរការចរចា លោក Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់មានទំនាក់ទំនងល្អជាមួយទាំងអ៊ីស្លាម៉ាបាដ និងជាមួយប្រទេសជិតខាងផ្សេងទៀត។ អ្នកការទូតរូបនេះបានបញ្ជាក់ថា៖«ដូច្នេះ រដ្ឋមន្ត្រីការបរទេសរបស់យើង បានទាក់ទងជាមួយសមភាគីប៉ាគីស្ថានរបស់លោក ។ លោកក៏បានទាក់ទងជាមួយប្រទេសជិតខាងមួយចំនួនទៀត គឺរដ្ឋមន្ត្រីការបរទេសផងដែរ»៕
