ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ បានអនុញ្ញាតឲ្យក្រុមឆ័ត្រអ៊ីរ៉ាក់ដែលជាក្រុមជីវពលស៊ីអ៊ីតគាំទ្រអ៊ីរ៉ង់ អនុវត្តសិទិ្ធការពារខ្លួន ហើយឆ្លើយតបនឹងការវាយប្រហារណាមួយដែលមានគោលដៅលើទីតាំងឈរជើងរបស់ពួកគេ ។
លោក Sabah al-Numan គឺជាអ្នកនាំពាក្យយោធាអ៊ីរ៉ាក់ និយាយនៅក្នុងសេកច្តីថ្លែងការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ាក់ នឹងកោះហៅឲ្យចូលខ្លួនបេសកជនសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីតវ៉ានឹងការវាយប្រហារលើទីតាំងរបស់កងកម្លាំងចល័ត PMF នៅតាមបណ្តាខេត្តជាច្រើន ហើយនិងទីស្នាក់ការកណ្តាលកងយុទ្ធជនឃឺដប៉េស្មឺហ្គា នៅទីក្រុង Erbil ។

ការអនុញ្ញាតបែបនេះ នឹងបង្កើនហានិភ័យកាលដែលកងកម្លាំង PMF នឹងសងសឹក បង្កឲ្យមានវដ្តវាយប្រហារ និងការវាយតបតជាមួយសហរដ្ឋអាមេរិក ស្របពេលដែលជម្លោះក្នុងតំបន់រីកកាន់តែធំ ។
ការវាយប្រហារនេះ បង្កការលំបាកផ្នែកនយោបាយសម្រាប់នាយរដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohammed Shia al Sudani ដែលព្យាយាមរក្សាការគាំទ្រទាំងទីក្រុងវ៉ាស៊ីនតោន និងកងកម្លាំងស៊ីអ៊ីតដែលស្ថិតក្រោមចំណុះអ៊ីរ៉ង់ ។
សូមបញ្ជាក់ថា ការវាយប្រហារតាមច្រកអាកាសកាលពីថ្ងៃអង្គារម្សិលមិញ ត្រូវចំទីស្នាក់ការកណ្តាលរបស់កងកម្លាំង PMF និងផ្ទះមួយខ្នងរបស់មេដឹកនាំពួកគេ ដោយបានសម្លាប់មនុស្សយ៉ាងហោច ១៥នាក់ ៕
