ការបិទដោយប្រសិទ្ធិភាពច្រកសមុទ្រ Hormuz ក្រោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាមរបស់ពួកគេជាមួយអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ បានធ្វើឲ្យកើតមានភាពវឹកវរនៅទូទាំងសកលលោក និងធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃ បានផ្លាស់ប្តូរទាំងស្រុងនៅអាស៊ី ។
តម្លៃប្រេងបានហក់ឡើងខ្ពស់ ហើយផ្សារភាគហ៊ុន បានរង្គោះរង្គើ ស្របពេលពិភពលោករង់ចាំមើលថាតើពេលណាទើបអនុញ្ញាតឲ្យច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសម្រាប់ប្រេងសកលឆ្លងកាត់ ២០ភាគរយ បើកឡើងវិញ ។
បច្ចុប្បន្ន មាននាវាមួយក្តាប់តូចប៉ុណ្ណោះ បានឆ្លងកាត់ច្រកសមុទ្រមួយនេះរាល់ថ្ងៃ ។ ខណៈពេលនោះដែរ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ បានជំរុញឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ផងដែរ ។
គ្មានកន្លែងណាមួយដែលរងផលប៉ះពាល់ដូចនៅអាស៊ីនោះទេ ពីព្រោះថា ជិត ៩០ភាគរយនៃប្រេង និងឧស្ម័នរបស់ពួកគេឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ប្រជាពលរដ្ឋនៅទូទាំងតំបន់អាស៊ីនិយាយថា ផលប៉ហពាល់ពិតជាមានខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

រដ្ឋាភិបាល បានបញ្ជាឲ្យនិយោជិកធ្វើការពីផ្ទះ កាត់បន្ថយសប្តាហ៍ធ្វើការ ប្រកាសថ្ងៃសម្រាកជាតិ និងបិទសាកលវិទ្យាល័យ ឬសាលារៀន ដើម្បីសន្សំសំចៃការផ្គត់ផ្គង់ថាមពលរបស់ពួកគេ ។
នៅប្រទេសប៉ាគីស្ថាន ដែលនាំចូលថាមពលប្រហែល ៨០ភាគរយពីតំបន់ឈូងសមុទ្រ ហើយនិងជួបវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ក្រុមអាជ្ញាធរ បានដាក់ចេញវិធានការ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ។
ជាការប្រឈមនឹងការធ្លាក់ចុះទុនបម្រុងប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងនេះ ក្រុមមន្រ្តីបាគីស្ថាន បានបិទសាលារៀន ណែនាំឲ្យធ្វើការ ៤ថ្ងៃ ក្នុង ១សប្តាហ៍ សម្រាប់ការិយាល័យរដ្ឋាភិបាល បញ្ជាឲ្យកាត់បន្ថយបុគ្គលិកវិស័យសាធារណៈចំនួនពាក់កណ្តាលឲ្យធ្វើការពីផ្ទះ ហើយនិងកាត់បន្ថយប្រាក់ឧបត្ថម្ភប្រេងឥន្ធនៈដល់ធុរកិច្ចរដ្ឋ ៕
