នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានស្នើឲ្យប្រមុខទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បញ្ចេញស្តុកប្រេងបន្ថែមទៀត នៅពេលដែលថ្នាក់ដឹកនាំទាំង២ បានជួបគ្នានៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះ ខណៈដែលទីក្រុងតូក្យូកំពុងប្រឹងប្រែងទប់ស្កាត់ផលប៉ះពាល់ ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ាដែលអូសបន្លាយ។
បន្ទាប់ពីយល់ព្រមបញ្ចេញស្តុកប្រេង ក្នុងបរិមាណច្រើនបំផុត ដោយសម្របសម្រួលជាមួយ IEA ដើម្បីប៉ះប៉ូវការបាត់បង់ការផ្គត់ផ្គង់ នៅមជ្ឈិមបូព៌ា លោកស្រី Takaichi កាលពីថ្ងៃអង្គារ បាននិយាយថា ជប៉ុនក៏នឹងបើកស្តុកប្រេងរួមដែលគ្រប់គ្រងរួមគ្នាដោយប្រទេសផលិតប្រេង នៅក្នុងប្រទេសផងដែរ។

នៅប្រទេសអូស្ត្រាលី នាសប្តាហ៍នេះ មុនកិច្ចប្រជុំក្រុមប្រទេសទាំងមានឧស្សាហកម្មលូតលាស់ទាំង៧ លោក Birol បាននិយាយថា IEA កំពុងពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល ទាំងនៅតំបន់អាស៊ី និងអឺរ៉ុប អំពីការបញ្ចេញស្តុកប្រេងបន្ថែមទៀត «ប្រសិនបើចាំបាច់» ខណៈដែលសង្គ្រាមអ៊ីរ៉ង់រំខានដល់លំហូរពីមជ្ឈិមបូព៌ា។
តាមរយៈសារ នៅលើបណ្ដាញសង្គម លោកស្រី Takaichi បានលើកឡើងថា៖ «ដើម្បីត្រៀមខ្លួន សម្រាប់លទ្ធភាពដែលស្ថានភាពនឹងអូសបន្លាយ ខ្ញុំបានស្នើឲ្យមានការត្រៀមរៀបចំ សម្រាប់ការបញ្ចេញបន្ថែមទៀតដែលមានការព្រមព្រៀងគ្នា។ «យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ IEA»។
នៅទីក្រុងតូក្យូ នាថ្ងៃពុធនេះ លោក Birol បានបញ្ជាក់ថា ការបញ្ចេញប្រេងចំនួន ៤០០លានបារ៉ែលរួមគ្នា ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី១១ ខែមីនា គឺត្រឹមតែ ២០ភាគរយប៉ុណ្ណោះនៃស្តុកប្រេង និងផលិតផលប្រេងកាន់កាប់ដោយប្រទេសប្រើប្រាស់ដែល IEA កំពុងសម្របសម្រួលជាមួយ៕
