ប្រទេសចិន នៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា វិធានការពាណិជ្ជកម្មរបស់ម៉ិកស៊ិកប្រឆាំងនឹងខ្លួន ក្នុងនោះរួមទាំងការដំឡើងពន្ធផងដែរ បង្កើតជាឧបសគ្គពាណិជ្ជកម្ម និងការវិនិយោគ ហើយខ្លួនមានសិទ្ធិចាត់វិធានការតបតវិញ។
នៅក្នុងសេចក្ដីសន្និដ្ឋាននៃការស៊ើបអង្កេត ជុំវិញវិធានការនេះ ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ការដំឡើងពន្ធនាំចូល ប៉ះពាល់ដល់ការនាំចេញរបស់ចិនតម្លៃជាង ៣០ពាន់លានដុល្លារទៅកាន់ម៉ិកស៊ិក ហើយអាចនាំឲ្យមានការខាតបង់ប្រហែល ៩,៤ពាន់លានដុល្លារ សម្រាប់វិស័យមេកានិច និងអគ្គិសនីរបស់ប្រទេសចិន។

ជាមួយគ្នានេះ ដោយដកស្រង់ទិន្នន័យគយ និងការប៉ាន់ប្រមាណឧស្សាហកម្ម ក្រសួងបានឲ្យដឹងទៀតថា ការខាតបង់ប្រហែល ៩ពាន់លានដុល្លារទាំងនោះ នឹងធ្លាក់ទៅលើឧស្សាហកម្មរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ចិន ពីព្រោះម៉ិកស៊ិក គឺជាគោលដៅនាំចេញយានយន្តធំបំផុតរបស់ចិន ក្នុងឆ្នាំ២០២៥។
គួរបញ្ជាក់ថា ម៉ិកស៊ិកបានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ការដំឡើងពន្ធខ្ពស់ខ្លាំង ត្រូវបានដាក់លើការនាំចូលពីចិន និងប្រទេសដទៃទៀត ដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ិកស៊ិក រហូតដល់ ៣៥ភាគរយលើផលិតផលភាគច្រើន។ ចំណាត់ការនេះត្រូវបានអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ង ដើម្បីបំពេញចិត្តសហរដ្ឋអាមេរិក ដែលប្រធានាធិបតីរបស់ប្រទេសនេះ បានដាក់អត្រាពន្ធខ្ពស់លើទំនិញរបស់ចិន។
ទីក្រុងប៉េកាំងមិនទាន់បានប្រកាសពីវិធានការតបតវិញនៅឡើយទេ ចំពោះការដំឡើងពន្ធនោះ ប៉ុន្តែក្រសួងពាណិជ្ជកម្ម បានលើកឡើងម្តងហើយម្តងទៀតថា ខ្លួនអាចចាត់វិធានការ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិន៕
