លោក Harun Armagan អនុប្រធានទទួលបន្ទុកកិច្ចការបរទេសនៃគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Tayyip Erdogan បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃពុធ (ទី២៥ ខែមីនា) នេះថា ទួរគី «កំពុងដើរតួនាទីជាអ្នកបញ្ជូនសារ» រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីជួយជំរុញដល់ការបន្ធូរបន្ថយភាពតានតឹង និងការចរចាដោយផ្ទាល់។
លោកមិនបានពន្យល់លម្អិតអំពីខ្លឹមសារនោះឡើយ ប៉ុន្តែបានបញ្ជាក់ថា សារទាំងនោះ ក៏កំពុងត្រូវបានបញ្ជូនទៅកាន់ប្រទេសឈូងសមុទ្រផងដែរ ពោលគឺបណ្ដារដ្ឋដែលជាប់នៅក្នុងសង្គ្រាមកំពុងរីករាលដាលក្នុងតំបន់ ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។

នៅថ្ងៃពុធ យោធាអ៊ីរ៉ង់ បានបដិសេធការអះអាងរបស់ប្រធានាធិបតី លោក Donald Trump ដែលថា សហរដ្ឋអាមេរិកកំពុងចរចា ដើម្បីបញ្ចប់សង្គ្រាម។
ទួរគីដែលជាសមាជិករបស់អង្គការណាតូ (NATO) បានប្រឹងប្រែងជួយសម្របសម្រួលឲ្យមានការចរចារវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ មុនពេលការវាយប្រហារ បានចាប់ផ្តើមកាលពីជិត ១ខែមុន ហើយបានអំពាវនាវម្តងហើយម្តងទៀតឲ្យបញ្ឈប់អរិភាពជាបន្ទាន់។ លោក Erdogan បាននិយាយថា ខ្លួននឹងបន្តធ្វើការជាមួយធនធានទាំងអស់របស់ខ្លួន ដើម្បីធានាសន្តិភាព។
រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បាននិយាយថា ទីក្រុងអង់ការ៉ា កំពុងបញ្ជូនដំបូន្មាន «ប្រកបដោយក្ដីរាប់អាន» ទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីចៀសវាងការពង្រីកសង្គ្រាម ហើយថា លោកក៏បានទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងយល់ពីជំហររបស់ភាគីទាំង ២ ផងដែរ៕
