យោងតាមការអះអាងរបស់ក្រសួងការពារជាតិអ៊ីរ៉ាក់ បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសលើមូលដ្ឋានយោធានៅខេត្តភាគខាងលិច Anbar របស់អ៊ីរ៉ាក់ បានសម្លាប់យុទ្ធជន ៧នាក់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួស ។
ក្រសួងនិយាយថា ការវាយប្រហារនៅថ្ងៃពុធនេះមានគោលដៅលើគ្លីនិកសុខភាពយោធា ស្ថិតក្នុងមូលដ្ឋានទ័ពនៅទីក្រុង Habbaniyah ។ ពួកគេចាត់ទុកការវាយប្រហារនេះថា ជាឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានបំពានក្រម និងច្បាប់អន្តរជាតិ ។

ប្រភពនគរបាលអ៊ីរ៉ាក់ និយាយប្រាប់កាសែត Al Jazeera ថា ការវាយប្រហារនេះមានគោលដៅលើលើទីតាំងមួយរបស់កងកម្លាំងចល័តអ៊ីរ៉ាក់ PMF ដែលស្ថិតក្រោមចំណុះអ៊ីរ៉ង់ ។
ខណៈពេលនោះដែរ ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ បានអនុញ្ញាតឲ្យក្រុមឆ័ត្រអ៊ីរ៉ាក់ដែលជាក្រុមជីវពលស៊ីអ៊ីតគាំទ្រអ៊ីរ៉ង់ អនុវត្តសិទិ្ធការពារខ្លួន ហើយឆ្លើយតបនឹងការវាយប្រហារណាមួយដែលមានគោលដៅលើទីតាំងឈរជើងរបស់ពួកគេ ។
លោក Sabah al-Numan គឺជាអ្នកនាំពាក្យយោធាអ៊ីរ៉ាក់ និយាយនៅក្នុងសេកច្តីថ្លែងការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ាក់ នឹងកោះហៅឲ្យចូលខ្លួនបេសកជនសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីតវ៉ានឹងការវាយប្រហារលើទីតាំងរបស់កងកម្លាំងចល័ត PMF នៅតាមបណ្តាខេត្តជាច្រើន ហើយនិងទីស្នាក់ការកណ្តាលកងយុទ្ធជនឃឺដប៉េស្មឺហ្គា នៅទីក្រុង Erbil ៕
