នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez និយាយប្រាប់ក្រុមតំណាងរាស្រ្តនៅថ្ងៃពុធនេះថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលោក Benjamin Netanyahu ព្យាយាមបំផ្លាញលីបង់ឲ្យដូចជាពេលដែលកងកម្លាំងអ៊ីស្រាអែលបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីប ។
លោក Sanchez ដែលឡើងសភាជាន់ទាប ដើម្បីពន្យល់ពីគោលជំហររដ្ឋាភិបាលរបស់លោកប្រឆាំងនឹងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នោះ និយាយថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រឹងរូសជាងអ្នកឡើងតំណែងមុនរបស់លោកទៅទៀត ។

លោកថា លោក Mojtaba Khamenei គឺជាមេដឹកនាំផ្តាច់ការដូចជាឪពុករបស់លោកដែរ ហើយថែមទាំងស្រេកឃ្លានឈាមជាងឪពុករបស់លោកទៅទៀត ។
លោក Sanchez និយាយទៀតថា នៅអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់ ពួកគេបានផ្លាស់ប្តូរលោក Khamenei ម្នាក់ ទៅជាលោក Khamenei ម្នាក់ទៀត ដែលថែមទាំងអាក្រក់ជាងមុន ពីព្រោះថា លោក Mojtaba Khamenei គឺជាមេដឹកនាំផ្តាច់ការម្នាក់ ។ លើសពីនេះទៅទៀត មិនដូចជាឪពុករបស់លោកនោះទេ លោកគាំទ្រអ៊ីរ៉ង់ឲ្យផលិតអាវុធនុយក្លេអ៊ែរ ។
សូមបញ្ជាក់ថា លោក Mojtaba ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់ ដើម្បីឲ្យស្នងតំណែងពីឪពុករបស់លោក ក្នុងនាមជាមេដឹកនាំកំពូល ជាសញ្ញាមួយដែលបង្ហាញថា ក្រុមមាននយោបាយរឹងត្អឹងនៅតែបន្តកាន់អំណាចយ៉ាងរឹងមាំដដែល ។
ស្ថាប័នសាសនាបានតែងតាំងបព្វជិតវ័យ ៥៦ឆ្នាំរូបនេះ ដែលបានរួចជីវិតពីសង្គ្រាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ជាអ្នកស្នងតំណែងពីឪពុករបស់លោក ក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីលោក Ali Khamenei ត្រូវបានសម្លាប់អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ៕
