អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីនៅតែទាក់ទងជាមួយសហរដ្ឋអាមេរិក ជុំវិញការស្វែងលទ្ធភាពដែលអាចដោះស្រាយជម្លោះ នៅអ៊ុយក្រែន ហើយសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន។
លោក Peskov បាននិយាយថា៖ «ទីក្រុងមូស្គូបន្តរក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក តាមរយៈបណ្តាញដែលមានស្រាប់។ យើងកំពុងទទួលការធ្វើបច្ចុប្បន្នភាពថ្មីៗ អំពីស្ថានភាព។ យើងស្វាគមន៍ ចំពោះកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់ភាគីអាមេរិក ក្នុងការបង្កើតលក្ខខណ្ឌចាំបាច់ ដើម្បីឈានដល់ការដោះស្រាយនៅក្នុងបញ្ហាអ៊ុយក្រែន»។

លោកបានបន្ថែមថា រុស្ស៊ីនៅតែបើកចំហ សម្រាប់ការសន្ទនា។ ដោយដកស្រង់ប្រភពនានា សារព័ត៌មាន Vedomosti បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា គណៈប្រតិភូសមាជិកសភារុស្ស៊ី មកពីរដ្ឋសភា Duma ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចសហរដ្ឋអាមេរិកនាពេលខាងមុខដ៏ខ្លីនេះ។
ដោយធ្វើការអត្ថាធិប្បាយលើរបាយការណ៍នោះ លោក Peskov បានបញ្ជាក់ថា វិមានក្រឹមឡាំងស្វាគមន៍គ្រប់ទម្រង់នៃការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន ហើយប្រសិនបើដំណើរទស្សនកិច្ចនេះកើតឡើងមែននោះ វានឹងស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសទាំង២៕
