ក្រសួងការបរទេសចិននិយាយនៅថ្ងៃពុធនេះថា ចិនបាននឹងកំពុងធ្វើការដោយគ្មានការនឿយហត់ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ហើយនិងបន្តជំរុញឲ្យមានការជជែកគ្នា បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ជួបគ្នាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Abbas Araqchi ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយថា លោក Wang បានបញ្ជាក់ឡើងវិញទស្សនៈរបស់ចិនថា បញ្ហាក្តៅក្នុងតំបន់ គួរតែដោះស្រាយគ្នាតាមរយៈកិច្ចសន្ទនា និងកិច្ចចរចា ជាជាងដោយប្រើកម្លាំង ហើយការជជែកគ្នា គឺល្អជាងការច្បាំងគ្នា ។

លោក Lin បន្តថា ការរក្សាសន្តិភាព ស្ថិរភាព និងផ្លូវទឹកសុវត្ថិភាពនៅតំបន់មជ្ឈិមបូព៌ា គឺស្ថិតក្នុងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ។ ចិននៅតែរក្សាទំនាក់ទំនងជាមួយភាគីទាំងអស់ ហើយនិងប្តេជ្ញាចិត្តបន្ធូរបន្ថយភាពតានតឹង ។
លោកនិយាយទៀតថា ការងារបន្ទាន់ គឺភាគីទាំងអស់ ត្រូវទទួលយកការទទួលខុសត្រូវរបស់ពួកគេ បញ្ឈប់ជាបន្ទាន់ប្រតិបត្តិការយោធា រារាំងការកើនឡើងភាពតានតឹងបន្ថែមទៀត ហើយចៀសវាងផលប៉ះពាល់អវិជ្ជមានលើការអភិវឌ្ឍសេដ្ឋកិច្ចសកល បណ្តាលមកពីអស្ថិរភាព ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក Araqchi បានឆ្លើយតបវិញដោយនិយាយថា ក្តីរំពឹងទុកខ្លាំងបំផុតរបស់អ៊ីរ៉ង់ពីរដ្ឋសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសចិន និងរុស្ស៊ី ត្រូវរារាំងសហរដ្ឋអាមេរិកពីការបន្តបំពានក្រុមប្រឹក្សាតាមរយៈប្រកាន់ភ្ជាប់គោលជំហរមុតមាំ ក្នុងការថ្កោលទោសការឈ្លានពានរបស់សហរដ្ឋអាមេរិក និងរបបហ្សាអឺនអ៊ីស្រាអែល ៕
