នៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា កងទ័ពអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដោយប្រើប្រាស់មីស៊ីលតម្រង់គោលឆ្នេរសមុទ្រ។
ប្រព័ន្ធផ្សព្វផ្សាយ Press TV បានចេញផ្សាយវីដេអូមួយដែលបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ បានបាញ់មីស៊ីលទៅនាវាផ្ទុកយន្តហោះអាមេរិក ខណៈដែលទីភ្នាក់ងារសារព័ត៌មាន IRNA គ្រប់គ្រងដោយរដ្ឋ បានដកស្រង់សម្តីមន្ត្រីកងទ័ពជើងទឹកដែលពណ៌នាអំពីប្រតិបត្តិការនេះ។
យោងតាមសារព័ត៌មាន IRNA បានឲ្យដឹងថា មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោកឧត្តមនាវីទោ Shahram Irani បាននិយាយថា ការបម្លាស់ទីនៃនាវាផ្ទុកយន្តហោះរបស់ «សត្រូវ» គឺ Abraham Lincoln កំពុងស្ថិតក្រោមការតាមដានឥតដាច់ ហើយនឹងត្រូវបានកំណត់គោលដៅ នៅពេលដែលវាចូលទៅក្នុងរង្វង់ចម្ងាយនៃប្រព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់។
ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា មីស៊ីលតម្រង់គោលដៅដែលមានសមត្ថភាពវាយប្រហារគោលដៅឆ្នេរសមុទ្រ ត្រូវបានបាញ់ឆ្ពោះទៅនាវាផ្ទុកយន្តហោះអាមេរិក ដោយបង្ខំឲ្យវាផ្លាស់ប្តូរទីតាំង។ មិនមានការបញ្ជាក់អះអាងពីសហរដ្ឋអាមេរិកនោះទេ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងតិចជាង ១.៣៤០នាក់ ក្នុងនោះរួមទាំងមេដឹកនាំកំពូល លោក Ali Khamenei ផងដែរ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល រួមជាមួយប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រដែលធ្វើជាទីតាំងនៃធនធានយោធាអាមេរិក ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែលរំខានដល់ទីផ្សារសកល និងអាកាសចរណ៍៕