ប្រទេសអេស្តូនី និងឡាតវី បានរាយការណ៍ថា យានដ្រូនបានហោះចូលក្នុងដែនអាកាសរបស់ពួកគេចេញពីប្រទេសជិតខាងរុស្ស៊ី បង្កឲ្យមានក្តីបារម្ភពីជម្លោះរាលដាលក្នុងតំបន់ពីសង្រ្គាមអ៊ុយក្រែន ។
សេវាសន្តិសុខផ្ទៃក្នុងរបស់អេស្តូនី និយាយនៅថ្ងៃពុធនេះថា យានដ្រូនមួយគ្រឿង បានហោះចេញពីដែនអាកាសរុស្ស៊ី វាយប្រហារបំពង់ផ្សែងស្ថានីយថាមពលនៅភូមិ Auvere ហើយឧបទ្ទេវហេតុនេះ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ ។
រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Margus Tsahkna និយាយថា យានដ្រូននេះ ពុំមានគោលដៅលើអេស្តូនីនោះទេ ប៉ុន្តែលោកចាត់ទុកការឈ្លានពាននេះ ថាជាផលវិបាកដ៏គ្រោះថ្នាក់មួយនៃសង្រ្គាមពេញបន្ទុករបស់រុស្ស៊ីនៅអ៊ុយក្រែន ។
នៅថ្ងៃតែមួយនោះដែរ កងទ័ពអាកាសឡាតវី និយាយថា ពួកគេបានប្រទះឃើញយានគ្មានមនុស្សបើកមួយគ្រឿងបានហោះចូលដែនអាកាសរបស់ខ្លួន ចេញពីរុស្ស៊ី ហើយនិងបានធ្លាក់នៅតំបន់ភាគអាគ្នេយ៍ Kraslava ដោយពុំបណ្តាលឲ្យមានគ្រោះថ្នាក់នោះឡើយ ឬធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។
នាយករដ្ឋមន្រ្តីឡាតវីលោកស្រី Evika Silina និយាយថា គ្មានការចង្អុរបង្ហាញថា យានដ្រូននេះអាចជារបស់អ៊ុយក្រែននោះទេ ហើយការស៊ើបអង្កេតកំពុងធ្វើឡើង ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការពារជាតិឡាតវីលោកស្រី Andris Spruds ដែលកំពុងបំពេញទស្សនកិច្ចការងារនៅអ៊ុយក្រែន និយាយថា លោកនឹងកាត់បន្ថយដំណើរទស្សនកិច្ចរបស់លោក ហើយនិងវិលត្រឡប់មកកាន់ប្រទេសវិញ ដោយសារឧបទ្ទេវហេតយានដ្រូននេះ ៕