រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធ ២៥ មីនាសប្ដាហ៍នេះ ថា អ៊ីរ៉ង់ កំពុងពិនិត្យមើលឡើងវិញនូវសំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅឈូងសមុទ្រ ប៉ុន្តែពុំមានបំណងធ្វើកិច្ចចរចាដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងរីករាលដាលនោះទេ។

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបង្ហាញពីឆន្ទៈមួយចំនួនរបស់ទីក្រុងតេអេរ៉ង់ក្នុងការចរចាបញ្ចប់សង្គ្រាម ប្រសិនបើការទាមទាររបស់ខ្លួនត្រូវបានបំពេញ។
លោកបាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរសារតាមរយៈក្រុមអ្នកសម្របសម្រួល មិនមានន័យថាការចរចាជាមួយសហរដ្ឋអាមេរិកទេ ។

លោក Araqchi បាននិយាយថា ពួកគេបានដាក់ចេញនូវគំនិតជាច្រើនក្នុងសាររបស់ពួកគេដែលត្រូវបានបញ្ជូនទៅក្រុមអាជ្ញាធរកំពូល ហើយប្រសិនបើចាំបាច់ ជំហរមួយនឹងត្រូវបានប្រកាសដោយពួកគេ។
យោងតាមប្រភពគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលចំនួន៣ ដែលបានដឹងផែនការនេះបានឪ្យដឹងថា សំណើ១៥ ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានផ្ញើតាមរយៈប្រទេសប៉ាគីស្ថាន អំពាវនាវឱ្យលុបបំបាត់ស្តុកអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួចក្នុងកម្រិតដ៏ខ្ពស់ បញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ទប់ស្កាត់កម្មវិធីមីស៊ីលអន្តរទ្វីបរបស់ខ្លួន និងកាត់ផ្តាច់មូលនិធិសម្រាប់សម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់។

សេតវិមានបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតនៃសំណើរបស់ខ្លួន និងបានគំរាមថានឹងបង្កើនការវាយប្រហារលើអ៊ីរ៉ង់បន្តទៀត។អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រសិនបើពួកគេមិនព្រមយល់ថាពួកគេបានបរាជ័យខាងយោធាទេនោះ អាមេរិកនឹងបន្តវាយប្រហារទៀត លោកប្រធានាធិបតី Trump នឹងធានាថា ពួកគេនឹងរងការវាយប្រហារកាន់តែខ្លាំងក្លាជាងមុខទៅទៀត៕