ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំ ការ បោះឆ្នោត បានបញ្ជាក់ប្រាប់ឲ្យដឹងថា “ការធ្វើពហិកាមិនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ របស់គណបក្សភ្លើងទៀន មិនបានធ្វើឲ្យកិច្ចដំណើរការទាំងមូល នៃដំណើរការបោះឆ្នោតប្រែប្រួលទៅជាការអាក់ខានមិនបានដំណើរការទៅមុខទេ ការបោះឆ្នោតនៅតែប្រព្រឹត្តទៅតាមការកំណត់ដដែល។
គួរបញ្ជាក់ថា គ.ជ.ប បានកំណត់កាលបរិច្ឆេទ នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួចរាល់ហើយ គឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា “គ.ជ.ប ក៏ដូចជាគណបក្សនយោបាយដែរ គឺមានតួនាទី និងភារកិច្ចរៀងៗខ្លួន ដូច្នេះយើងអនុវត្តគោលការណ៍ទូទៅដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាស្ថាប័នរៀបចំចាត់ចែងការបោះឆ្នោត។ ហើយគណបក្សនយោបាយ ក៏មានសិទ្ធិសេរីភាពនៅក្នុងការចូលរួម ឬមិនចូលរួម ដែលអនុលោមតាមច្បាប់ស្តីពីគណបក្សនយោបាយ រួមជាមួយនឹងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។
ជាសរុបការធ្វើពហិកាមិនចូលរួមការបោះឆ្នោត គឺជាសិទ្ធិសម្រេចរបស់គណបក្សនយោបាយ។ ហើយគ.ជ.ប ក៏អត់មានសិទ្ធិអំណាចអ្វីទៅចាប់បង្ខំឲ្យគណបក្សនយោបាយមកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែរ”៕