ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កំពុងខិតខំស្វះស្វែងបន្ថែមទៀត ក្នុងការស្នើទៅដល់សាកលវិទ្យាល័យនានា នៅក្នុងប្រទេសកូរ៉េ បន្តជួយផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ។
ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារ ជាមួយបណ្ឌិត JANG Kiwon សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជុងវ៉ុន និងប្រតិភូ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ ចំពោះលោក JANG ដែលរៀបចំកម្មវិធីជំនួបជាមួយបងប្អូនពលករ រដូវកាលដែលមកដល់ប្រទេសកូរ៉េកាលពីសប្តាហ៍មុនដែលកម្មវិធីនោះ បានផ្តល់ឱកាសឱ្យស្ថានទូត បានផ្តល់ព័ត៌មានចាំបាច់មួយចំនួន សម្រាប់ពលករក្នុងការបំពេញការងារ និងរស់នៅក្នុងប្រទេសកូរ៉េ ក្នុងកំឡុងអាណត្តិការងាររបស់ខ្លួន។
ឯកឧត្តម ឃួន ផុនរតនៈ ក៏បានគូសបញ្ជាក់ អំពីសារៈសំខាន់ នៃវិស័យអប់រំសម្រាប់កម្ពុជា ដែលប្រទេសកម្ពុជាបានយកប្រទេសកូរ៉េជាគំរូក្នុងការអភិវឌ្ឍ សេសការអប់រំ ដែលវាជាវិស័យគន្លឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ហើយបានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងស្នើលោកបណ្ឌិតជាសាកលវិទ្យាល័យជុងវ៉ុន ពិចារណារផ្តល់ចំនួនអាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជាលើវគ្គជំនាញ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងវគ្គសិក្សាខ្លីជាដើម។
ក្នុងជំនួបនោះលោកបណ្ឌិត JANG បានឯកភាពនឹងសំណើឯកអគ្គរាជទូតកម្ពុជា ក្នុងការបន្ថែមចំនួនអាហារូបករណ៍ សម្រាប់និស្សិតកម្ពុជា និងបានថ្លែងអំណរគុណដល់ស្ថានទូតដែលបានភ្ជាប់ទំនាក់ទំនង រវាងសាកលវិទ្យាល័យ និងក្រសួងសំខាន់ៗចំនួន៣ របស់ប្រទេសកម្ពុជា នាពេលកន្លងមក ហើយលោកក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថានទូត និងសាកលវិទ្យាល័យផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ




