តាមរយៈបទបង្ហាញរបស់ លោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានរំលេចថា ក្នុងចំណោមក្រសួង-ស្ថាប័នចំនួន១០ ដែលបានវិភាគមុខងាររួចរាល់កន្លងមក មានក្រសួង ស្ថាប័នចំនួន៨ បានអនុវត្តការកាត់បន្ថយអង្គភាពចំណុះរបស់ខ្លួនសរុបចំនួន១៨ អង្គភាព ខណៈដែលក្រសួង-ស្ថាប័នមួយចំនួនផ្សេងទៀតបានរក្សាស្ថានភាពដើម ដោយគោរពតាមអភិក្រម «ពង្រឹង ជាជាងពង្រីក»។ អង្គភាពដែលបានកាត់បន្ថយទាំងនោះរួមមាន កម្រិតអគ្គនាយកដ្ឋានចំនួន១ និងកម្រិតនាយកដ្ឋានចំនួន១៧។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយគ្នា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ដោយឡែកក្រសួង ស្ថាប័នដទៃទៀត កំពុងបន្តពិភាក្សា និងពិនិត្យជាបន្តបន្ទាប់ ដោយត្រូវគោរពតាមអភិក្រមដដែល។

ការលើកឡើងនេះ ជាការធ្វើវឌ្ឍនភាពនៃការពិនិត្យឡើងវិញ រចនាសម្ព័ន្ធ និងការវិភាគមុខងារ របស់ក្រសួង-ស្ថាប័ន។ កន្លងមក ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិទាំងអស់ដើម្បីអនុវត្តការងារនេះ ដែលជាវិធានគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាជំហាន ក្រោយការប្រជុំពិភាក្សាបច្ចេកទេសជាច្រើនដង ក្រសួង ស្ថាប័ននីមួយៗ បានបញ្ជូនសេចក្តីព្រាងនៃការរៀបចំ និងការប្រព្រឹត្តទៅ របស់ខ្លួន មកក្រសួងមុខងារសាធារណៈដើម្បី ពិនិត្យ និងផ្តល់យោបល់ស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាល នោះគឺការ «ពង្រឹងជាជាពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។

ការរៀបចំការងារវិភាគមុខងារកន្លងមក គឺក្នុងគោលដៅដើម្បីសម្រេចបាននូវការរៀបចំមុខងារ រចនាសម្ព័ន្ធ ការប្រើប្រាស់ធនធានមនុស្ស និងការប្រើប្រាស់ថវិកា កាន់តែច្បាស់លាស់។ លោកជំទាវអគ្គលេខាធិការរង បានបន្ថែមថា លទ្ធផលនៃការវិភាគមុខងារនេះ បានជួយឱ្យក្រសួង ស្ថាប័នមានមូលដ្ឋានច្បាស់លាស់ ក្នុងការរៀបចំ រចនាសម្ព័ន្ធថ្មីឱ្យសមស្របជាមួយភារកិច្ចពិតប្រាកដ ហើយក៏ជួយកាត់បន្ថយការស្ទួនភារកិច្ច និងបង្កើនការសម្របសម្រួលរវាងអង្គភាពកាន់តែល្អប្រសើរ៕


