ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជំរុញឲ្យកងទ័ពពង្រឹងលើកកម្ពស់វប្បធម៌នៃការគោរពផ្តល់តម្លៃគ្នា និងឈរលើមូលដ្ឋានផលប្រយោជន៍រួមរបស់អង្គភាព ហើយត្រូវរៀបចំឱ្យមានការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ដោយម្នាក់ៗត្រូវគោរពឋានានុក្រម និងតួនាទីរៀងៗខ្លួន ក្នុងគោលដៅរួម គឺការពង្រឹងអង្គភាពដើម្បីការពារជាតិ និងការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។
ថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់កងពលតូចអន្តរាគមន៍លេខ១៤ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាចម្បងក្នុងការជំរុញឱ្យស្ថាប័ន-កងឯកភាពមួយ មានការអភិវឌ្ឍរីកចម្រើន គឺត្រូវពឹងផ្អែកទៅលើមនសិការរបស់ថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប ក្នុងការខិតខំបំពេញភារកិច្ចឱ្យអស់សមត្ថភាព និងលទ្ធភាព ព្រមជាមួយនឹងការពង្រឹងមូលដ្ឋាននៃគុណធម៌ សីលធម៌ និងសុខភាព ជាពិសេសកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គគ្រប់បែបយ៉ាង។
ទន្ទឹមនឹនោះ លោកក៏សូមអបអរសាទរចំពោះសមិទ្ធផលដែលកងពលតូចអន្តរាគមន៍លេខ១៤ ទទួលបាន និងសូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងស្មារតី ថវិកា និងសម្ភារៈ៕







