រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសប្រជាធិបតេយ្យលោកខាងលិចឈានមុខគេក្នុងពិភពលោក G7 ត្រៀមជួបប្រជុំគ្នានៅបារាំង ក្នុងសប្តាហ៍នេះ ស្របពេលសង្គ្រាមកំពុងបន្តនៅអ៊ីរ៉ង់និងអ៊ុយក្រែន អស្ថិរភាពសេដ្ឋកិច្ច និងក្ដីបារម្ភកាន់តែខ្លាំងឡើងចំពោះគោលនយោបាយការបរទេសដែលមិនអាចទាយទុកជាមុនបានរបស់សហរដ្ឋអាមេរិក ។

កិច្ចប្រជុំរយៈពេល ២ថ្ងៃគឺនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍នេះនៅទីក្រុងប៉ារីស មានវត្តមានរបស់បណ្ដារដ្ឋមន្ត្រី G7 រួមមាន៖ អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាមេរិក រួមជាមួយវត្តមានសហភាពអឺរ៉ុបផងដែរ។ តាមទម្លាប់ ប្រទេសទាំងនេះតែងដោះស្រាយបញ្ហាប្រឈមស្នូលផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយតាមរយៈការឯកភាពគ្នាជាទូទៅ ប៉ុន្តែភាពស្អិតរមួតក៏បានចាប់ផ្តើមប្រេះឆា ចាប់តាំងពីលោកប្រធានាធិបតី Donald Trump បានវិលទៅសេតវិមានវិញក្នុងឆ្នាំ២០២៥។
កាលពីថ្ងៃពុធ មន្រ្តីយោធាជាន់ខ្ពស់របស់បារាំង បានសម្តែងកង្វល់ចំពោះភាពមិនអាចប៉ាន់ស្មានបានរបស់រដ្ឋាភិបាលវ៉ាស៊ីនតោន ដោយលើកឡើងថា ចំណុចនេះជះឥទ្ធិពលដល់ផលប្រយោជន៍ និងសន្តិសុខរបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត។ អាទិភាពចម្បងសម្រាប់ដៃគូរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងជំនួបនេះ គឺការស្តាប់សេចក្តីរាយការណ៍ពីលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលនឹងចូលរួមកិច្ចប្រជុំនៅថ្ងៃសុក្រស្អែកនេះ។
ក្រុមមន្ត្រីនិយាយថា បណ្តាសម្ព័ន្ធមិត្តសង្ឃឹមថា នឹងទទួលបានភាពច្បាស់លាស់បន្ថែមទៀត អំពីប្រតិបត្តិការយោធារបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងចង់ដឹងថា តើមានច្រកផ្លូវការទូតណាមួយដើម្បីបញ្ចប់ជម្លោះនេះដែរឬទេ។ ចំពោះវិបត្តិនៅអ៊ុយក្រែនវិញ មន្ត្រីអឺរ៉ុបបារម្ភថា អាមេរិកអាចនឹងរុញឱ្យទីក្រុងគីវ ទទួលយកកិច្ចព្រមព្រៀងសន្តិភាពមួយដែលមិនអំណោយផល។ មន្ត្រីអឺរ៉ុបបានបញ្ជាក់ថា ពួកគេនឹងសង្កត់ធ្ងន់ប្រាប់លោក Rubio ថា លទ្ធផលបែបនោះគឺមិនអាចទទួលយកបានឡើយ៕


