មន្ត្រីជាន់ខ្ពស់អាជ្ញាធរការពារជាតិតំបន់តៃវ៉ាន់ លោក Wellington Koo នៅថ្ងៃទី២៦ ខែមីនានេះ បានបង្ហាញថាកញ្ចប់លក់អាវុធនាពេលខាងមុខពីសហរដ្ឋអាមេរិកកំពុងដំណើរការបន្ទាប់ពីរដ្ឋបាលកោះនេះ បានទទួលលិខិតធានាពីទីក្រុងវ៉ាស៊ីនតោន ទោះមេដឹកនាំសហរដ្ឋអាមេរិក និងចិន ត្រៀមជួបគ្នានៅខែឧសភាក៏ដោយ។

សារព័ត៌មាន Reuters បានរាយការណ៍នៅខែនេះ ដោយសំអាងប្រភពព័ត៌មានដែលបានរធ្វើរបាយការណ៍អំពីការពិភាក្សានេះ បានឲ្យដឹងថា កញ្ចប់អាវុធដ៏សំខាន់របស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់មានតម្លៃប្រហែល១៤ពាន់លានដុល្លារអាមេរិក រួមទាំងប្រព័ន្ធស្ទាក់ចាប់មីស៊ីលទំនើបៗ បានត្រៀមរួចរាល់សម្រាប់ការយល់ព្រមពីប្រធានាធិបតីអាមេរិក លោក Donald Trump ហើយអាចត្រូវបានចុះហត្ថលេខាបន្ទាប់ពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកទៅកាន់ប្រទេសចិន ។

ប៉ុន្តែលោក Trump បានពន្យារពេលដំណើរទស្សនកិច្ចនោះ ដែលដើមឡើយគ្រោងធ្វើនៅដើមខែមេសា ដោយសារតែសង្គ្រាមអ៊ីរ៉ង់ ហើយឥឡូវនេះគ្រោងនឹងទៅកាន់ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៥ ខែឧសភាខាងមុខ។

កោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន ប្រាកដជាប្រធានបទមួយ ជាពិសេសបន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់លោកTrump ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីខែមុនថា សហរដ្ឋអាមេរិកត្រូវតែ ប្រុងប្រយ័ត្ន ក្នុងការដោះស្រាយការលក់អាវុធទៅកាន់កោះមួយនេះ។
នៅពេលសួរដោយក្រុមអ្នកសារព័ត៌មាននៅសភាថាតើកិច្ចប្រជុំរវាងលោក Trump លោក Xi នឹងប៉ះពាល់ដល់ការលក់អាវុធរបស់អាមេរិកដែរឬទេ លោក Koo បាននិយាយថា រដ្ឋាភិបាលបានទទួលលិខិតធានារួចហើយដែលបង្ហាញថាសហរដ្ឋអាមេរិកមានឆន្ទៈក្នុងការអនុម័តកិច្ចព្រមព្រៀងបន្ទាប់៕