នៅថ្ងៃព្រហស្បតិ៍ (២៦ មីនា) នេះ តម្លៃប្រេងក្នុងទីផ្សារសកលបានកើនឡើងវិញ បន្ទាប់ពីមើលឃើញការខាតបង់មួយចំនួនកាលពីថ្ងៃពុធ ស្របពេលដែលវិនិយោគិនកំពុងវាយតម្លៃឡើងវិញនូវការរំពឹងទុកសម្រាប់លទ្ធភាពនៃបទឈប់បាញ់នៅមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់និយាយថា ខ្លួនកំពុងតែពិនិត្យសំណើរបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាម ដែលបានរំខានដល់លំហូរថាមពលសកល ដោយបន្ថែមថា «អ៊ីរ៉ង់គ្មានបំណងចរចាបញ្ចប់ជម្លោះទេ»។

សន្ទស្សន៍ប្រេងឆៅ Brent បានកើនឡើង ១,១៣ដុល្លារ ឬ ១,១% ដល់តម្លៃ ១០៣,៣៥ ដុល្លារក្នុងមួយបារ៉ែល នៅត្រឹមម៉ោងសកល ០០:៥១នាទីអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍នេះ ខណៈសន្ទស្សន៍ប្រេងឆៅ WTI របស់អាមេរិក កើនឡើង ១,០៨ដុល្លារ ឬ ១,២% ដល់តម្លៃ ៩១,៤០ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា ទោះបីជាខ្លួនកំពុងពិនិត្យសំណើនេះក៏ដោយ ក៏អ៊ីរ៉ង់មិនមានបំណងធ្វើកិច្ចចរចាបញ្ចប់ជម្លោះនេះដែរ។ អ្នកនាំពាក្យសេតវិមានបាននិយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump នឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំង ប្រសិនបើទីក្រុងតេអេរ៉ង់ មិនព្រមទទួលយកការពិតអំពី «បរាជ័យផ្នែកយោធា» របស់ខ្លួនទេនោះ។

សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI បាននិយាយថា៖ សុទិដ្ឋិនិយមទាក់ទងនឹងបទឈប់បាញ់ហាក់រសាត់បាត់ទៅហើយ។ ស្តង់ដាដែលកំណត់ដោយទីក្រុងវ៉ាស៊ីនតោនហាក់ដូចជាខ្ពស់ពេក ដែលធ្វើឱ្យតម្លៃប្រេងងាយនឹងប្រែប្រួលថែមទៀត អាស្រ័យលើកិច្ចចរចា និងសកម្មភាពយោធាពីភាគីទាំងពីរ៕