សហរដ្ឋអាមេរិក បានបើកការវាយប្រហារលើកទី៤៧ របស់ខ្លួន លើនាវាដែលសង្ស័យថាកំពុងរត់ពន្ធគ្រឿងញៀន ដោយលើកនេះបានសម្លាប់មនុស្ស ៤នាក់។ ការប្រកាសពីការវាយប្រហារចុងក្រោយបង្អស់នៅថ្ងៃពុធ (២៥ មីនា) បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកលើទូកដឹកគ្រឿងញៀន កើនឡើងដល់ជាង ១៦០នាក់។

បញ្ជាការដ្ឋានភាគខាងត្បូងសហរដ្ឋអាមេរិក (SOUTHCOM) ដែលទទួលបន្ទុកប្រតិបត្តិការយោធានៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីព បានពណ៌នាវាយប្រហារនេះថាជា «ការកម្ទេចទាំងស្រុងជាប្រព័ន្ធលើក្រុមជួញដូរគ្រឿងញៀន»។ SOUTHCOM និយាយថា «ចារកម្មសម្ងាត់បានបញ្ជាក់ថា ទូកនេះកំពុងធ្វើដំណើរឆ្លងកាត់តាមផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់ច្បាស់ ក្នុងតំបន់ការ៉ាអ៊ីព ហើយបានចូលរួមក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀន»។

រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានអះអាងម្តងហើយម្តងទៀតថា យុទ្ធសាស្ត្រវាយប្រហារបែបនេះគឺចាំបាច់ដើម្បីបញ្ឈប់លំហូរគ្រឿងញៀនមិនឱ្យចូលទឹកដីអាមេរិក។ យុទ្ធនាការទម្លាក់គ្រាប់បែកលើទូកបានចាប់ផ្តើមនៅសមុទ្រការ៉ាអ៊ីពនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ហើយបានពង្រីកដល់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតក្នុងខែតុលា ឆ្នាំដដែលនោះ។
ក្នុងរយៈពេល ៧ខែចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមមក មានអ្នករួចជីវិតតែ ៣នាក់ប៉ុណ្ណោះដែលត្រូវបានរកឃើញពីក្នុងទឹក បន្ទាប់ពីការទម្លាក់គ្រាប់បែក។ អ្នកផ្សេងទៀតបានបាត់ខ្លួននៅក្នុងសមុទ្រ ហើយត្រូវបានក្រុមមន្រ្តីសន្មត់ថា ស្ថិតក្នុងចំណោមអ្នកស្លាប់៕
