លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងកិច្ចសម្ភាសន៍មួយថា សហរដ្ឋអាមេរិកកំពុងដាក់សំណើលក្ខខណ្ឌលើការផ្តល់ការធានាសន្តិសុខសម្រាប់កិច្ចព្រមព្រៀងសន្តិភាពក្នុងអ៊ុយក្រែន ដោយតម្រូវឱ្យទីក្រុងគីវ ប្រគល់តំបន់ដុនបាស (Donbas) ទាំងមូលនៅភាគខាងកើតអ៊ុយក្រែន ទៅឱ្យរុស្ស៊ី។

លោក Zelenskyy បានលើកឡើងថា ខណៈដែលសហរដ្ឋអាមេរិក កំពុងផ្តោតការយកចិត្តទុកដាក់លើជម្លោះផ្ទាល់ខ្លួនជាមួយអ៊ីរ៉ង់ លោកប្រធានាធិបតី Donald Trump កំពុងដាក់សម្ពាធលើអ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមជាង ៤ឆ្នាំមកនេះ ដែលបង្កឡើងដោយប្រតិបត្តិការយោធារបស់រុស្ស៊ីឆ្នាំ២០២២ ឱ្យបានឆាប់រហ័ស។

អាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានធ្វើកិច្ចចរចាត្រីភាគីកម្រិតខ្ពស់ចំនួន ៣ជុំរួចមកហើយក្នុងឆ្នាំនេះ ដើម្បីព្យាយាមចរចាបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ មកមិនដែលមាន។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានលើកឡើងដដែលៗថា ការធានាសន្តិសុខដ៏រឹងមាំពីដៃគូអន្តរជាតិ គឺជារឿងចាំបាច់ដើម្បីធានាថា រុស្ស៊ីនឹងមិនបើកការវាយប្រហារឡើងវិញនៅពេលអនាគត បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានព្រមព្រៀងគ្នា។

លោក Zelenskyy បាននិយាយថា សំណួរសំខាន់ៗជាច្រើនមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ពាក់ព័ន្ធនឹងការធានាសន្តិសុខ។ មេដឹកនាំវ័យ ៤៨ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ភាគីអាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រេចចុងក្រោយលើការធានាទាំងនេះក្នុងកម្រិតខ្ពស់ នៅពេលអ៊ុយក្រែនត្រៀមខ្លួនដកថយចេញពីតំបន់ដុនបាស»។ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅតែប្រកាន់ជំហរថា ការគ្រប់គ្រងតំបន់ ដុនបាស ទាំងមូល គឺជាធាតុផ្សំដ៏សំខាន់នៃគោលដៅសង្គ្រាមរបស់លោក ដែលទីក្រុងមូស្គូនឹងសម្រេចឱ្យបាននៅលើសមរភូមិ ប្រសិនបើរុស្ស៊ីមិនអាចធ្វើរឿងនេះបាននៅតុចរចាទេនោះ៕