មន្ត្រីនគរបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះថា មនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ Padma ក្នុងប្រទេសបង់ក្លាដែស។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា រថយន្តក្រុងកំពុងដឹកអ្នកដំណើរប្រហែល៤០នាក់ ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុងដាកា នៅពេលដែលហេតុការណ៍បានកើតឡើង។

លោក Monir Hossain អ្នកគ្រប់គ្រងកំពង់ផែបាននិយាយថា «នៅពេលរថយន្តក្រុង កំពុងធ្វើដំណើរឆ្ពោះទៅកាន់នាវាចម្លងពីស្ពានបណ្តែតទឹក ទូកចម្លងដឹកជញ្ជូនតូចមួយគ្រឿងផ្សេងទៀតបានបុកស្ពាននោះ បណ្តាលឲ្យរថយន្តធ្លាក់ចូលទៅក្នុងទន្លេ»។
មនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅក្នុងគ្រោះថ្នាក់នាវាចម្លងនៅក្នុងប្រទេសបង់ក្លាដែស ជាប្រទេសមានផ្លូវទឹកច្រើន និងស្តង់ដារសុវត្ថិភាពធូររលុង។

ក្រុមអ្នកពន្លត់អគ្គិភ័យ និងក្រុមអ្នកមុជទឹកមកពីក្រុមឆ្មាំល្បាតឆ្នេរ បន្តស្វែងរកអ្នកបាត់ខ្លួនដោយមានជំនួយពីយោធា និងនគរបាល។ មន្ត្រីបាននិយាយថា ពួកគេបានប៉ាន់ប្រមាណថា រថយន្តក្រុងដែលធ្វើដំណើរទៅកាន់ទីក្រុងដាកា បានដឹកអ្នកដំណើរប្រហែល៤០នាក់ រួមទាំងកុមារជាច្រើននាក់ ហើយភាគច្រើនកំពុងវិលត្រឡប់ទៅរដ្ឋធានីវិញបន្ទាប់ពីបញ្ចប់ថ្ងៃឈប់សម្រាកបុណ្យ Eid របស់ពួកគេ។

យោងតាមមន្ត្រីរដ្ឋបាលស្រុក Rajbari បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក Tarique Rahman បានឲ្យពួកគេផ្តល់បច្ចុប្បន្នភាពព័ត៌មានថ្មីៗអំពីយុទ្ធនាការជួយសង្គ្រោះ និងបានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។ នគរបាល និងសាក្សី បាននិយាយថា អ្នកដំណើរប្រហែល១១ នាក់អាចហែលទឹកឡើងមកច្រាំង ឬត្រូវបានជួយសង្គ្រោះ ប៉ុន្តែអ្នកផ្សេងទៀតភាគច្រើននៅតែបាត់ខ្លួន។