អេមីរ៉ាតអារ៉ាប់រួម (UAE) គូវ៉ែត បារ៉ែន អារ៉ាប៊ីសាអ៊ូឌីត កាតា និងហ្ស៊កដានី បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជាការវាយប្រហាររបស់អ៊ីរ៉ង់ដែលកំណត់គោលដៅប្រទេសនានាក្នុងតំបន់។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ការវាយប្រហារទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព បូរណភាពទឹកដី ច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ មិនថាត្រូវបានអនុវត្តដោយផ្ទាល់ ឬតាមរយៈសម្ព័ន្ធមិត្ត និងក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នោះទេ។

ប្រទេសទាំង ៦ បានបញ្ជាក់ជាថ្មីនូវការបដិសេធយ៉ាងម៉ឺងម៉ាត់របស់ពួកគេចំពោះសកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ហើយបានអំពាវនាវឲ្យបញ្ចប់ការកើនឡើងភាពតានតឹងជាបន្ទាន់។
នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរ ពួកគេបានថ្កោលទោសការវាយប្រហារដែលធ្វើឡើងដោយក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់មកពីអ៊ីរ៉ាក់ប្រឆាំងនឹងប្រទេសជាច្រើននៅក្នុងតំបន់ ដោយកំណត់គោលដៅលើទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ខណៈពេលដែលឲ្យតម្លៃដល់ទំនាក់ទំនងរបស់ពួកគេជាមួយអ៊ីរ៉ាក់ រដ្ឋទាំង ៦ បានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ចាត់វិធានការបន្ទាន់ និងមានប្រសិទ្ធភាព ដើម្បីបញ្ឈប់ការវាយប្រហារដែលធ្វើឡើងពីទឹកដីរបស់ខ្លួនដោយក្រុមប្រឆាំង កងជីវពល និងក្រុមប្រដាប់អាវុធ៕