ក្រុមមនុស្សធម៌អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា អរិភាពតាមបណ្តោយព្រំដែនស៊ូដង់ជាមួយប្រទេសជិតខាង និងការវាយប្រហារដោយយានដ្រូនកាន់តែខ្លាំងឡើង កំពុងបង្កើនការគំរាមកំហែងដល់ជនស៊ីវិល និងរំខានដល់ប្រតិបត្តិការជួយសង្គ្រោះ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការប៉ះទង្គិចគ្នាថ្មីៗនេះតាមបណ្តោយ និងជិតព្រំដែនស៊ូដង់ជាមួយប្រទេសឆាដ និងអេត្យូពី បានបណ្តាលឲ្យ ជនស៊ីវិលស្លាប់ និងបង្ខំឲ្យប្រជាជនរត់គេចខ្លួនពីផ្ទះសម្បែងរបស់ពួកគេ។

OCHA បាននិយាយថា ក្រុមដៃគូមនុស្សធម៌ បានរាយការណ៍ថា ការវាយប្រហារដោយដ្រូន កាលពីថ្ងៃចន្ទបានបណ្តាលឲ្យជនស៊ីវិលស្លាប់ នៅភាគខាងត្បូងស៊ូដង់។
ការិយាល័យនេះ បានបន្ថែមថា នៅភាគខាងកើតរដ្ឋ Blue Nile អំពើហិង្សានៅជិតព្រំដែនអេត្យូពី បានគំរាមកំហែងដល់ការចូលទៅកាន់ទីក្រុង Kurmuk, Sali និង Dindraw ភាគខាងត្បូងទីក្រុង Ed Damazine ដែលជារដ្ឋធានីរបស់រដ្ឋនេះ។
ជនស៊ីវិលត្រូវបានផ្លាស់ទីលំនៅទៅកាន់ទីក្រុង Ed Damazine និងឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេស អេត្យូពី។
កងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រ Kurmuk បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់របស់រដ្ឋាភិបាល៕