មន្រ្តីអង្គការសុខភាពពិភពលោក (WHO) និងមន្ត្រីជំនួយ បាននិយាយថា ប្រជាជនជាង ២លាននាក់នៅក្នុងតំបន់ Darfur នៃប្រទេសស៊ូដង់ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយពុំមានការថែទាំវេជ្ជសាស្ត្រត្រឹមត្រូវនោះទេ បន្ទាប់ពីការវាយប្រហារយានដ្រូនកាលពីសប្តាហ៍មុន បានធ្វើឱ្យមន្ទីរពេទ្យដ៏សំខាន់មួយត្រូវផ្អាកដំណើរការ។

ការវាយប្រហារនេះ ដែលចោទប្រកាន់ថាធ្វើឡើងដោយកងទ័ពស៊ូដង់ បានសម្លាប់មនុស្សចំនួន ៧០នាក់ និងបានបំផ្លិចបំផ្លាញមន្ទីរពេទ្យបង្អែកធំមួយឈ្មោះ Al Daein ដែលជាកន្លែងបម្រើសេវាសុខភាពដល់ប្រជាជនទូទាំងខេត្តដាហ្វួរខាងកើត (East Darfur)។ រូបភាពពីផ្កាយរណបដែលចេញផ្សាយកាលពីថ្ងៃពុធ (២៥ មីនា) បង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យនេះ។

កងទ័ពស៊ូដង់ បដិសេធថាខ្លួនមិនបានកំណត់គោលដៅលើមូលដ្ឋានសុខាភិបាលនោះទេ ខណៈមន្ទីរពេទ្យនេះស្ថិតក្នុងតំបន់គ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។ គួរឱ្យដឹងថា កងកម្លាំង RSF បានធ្វើសង្គ្រាមប្រឆាំងនឹងយោធាស៊ូដង់តាំងពីខែមេសា ឆ្នាំ២០២៣ ដែលបានរុញច្រានផ្នែកខ្លះនៃប្រទេស ឱ្យធ្លាក់ក្នុងគ្រោះអត់ឃ្លាន និងអំពើឃោរឃៅដ៏រីករាលដាល។
មន្រ្តីជាន់ខ្ពស់នៃអង្គការផ្តល់សេវាថែទាំសុខភាពមនុស្សធម៌ Alight ប្រចាំតំបន់នោះបាននិយាយថា ការវាយប្រហារនេះធ្វើឱ្យខូចខាតដល់គ្រប់ផ្នែកទាំងអស់នៃមន្ទីរពេទ្យ។ លោកស្រី Hala Khudari អនុប្រធានតំណាងអង្គការ WHO ប្រចាំស៊ូដង់ បានបន្ថែមថា មន្ទីរពេទ្យនេះធ្លាប់បម្រើសេវាកម្មដល់មនុស្សជាង ២លាននាក់ នៅក្នុងទីក្រុង Al Daein និងស្រុកចំនួន ៩ផ្សេងទៀតក្នុងខេត្តដាហ្វួរខាងកើត៕