ប្រមុខការទូតរបស់ប្រទេសចិន បាននិយាយថា «ពន្លឺនៃក្តីសង្ឃឹម» សម្រាប់សន្តិភាពបានលេចឡើង ដោយសារតែចំណាត់ការដើម្បីបញ្ឈប់សង្គ្រាមនៅមជ្ឈិមបូព៌ា ទោះបីជាទីក្រុងតេអេរ៉ង់ ប្ដេជ្ញាថានឹងបន្តប្រយុទ្ធក៏ដោយ។

សេតវិមានបានព្រមានថា លោកប្រធានាធិបតីអាមេរិក Donald Trump បានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយប្រហារកាន់តែខ្លាំង ប្រសិនបើអ៊ីរ៉ង់ មិនទទួលយកផែនការសន្តិភាពដើម្បីបញ្ចប់សង្គ្រាមទេនោះ ប៉ុន្តែទីក្រុងតេអេរ៉ង់បានទទូចថា ខ្លួននឹងមិនចរចាទេ។ ជំហរដ៏រឹងរូសនេះហាក់បំផ្លាញក្តីសង្ឃឹមនៃលទ្ធភាពបន្ធូរបន្ថយភាពតានតឹង ស្របពេលដែលសកម្មភាពយោធានៅសមរភូមិ ក៏មិនបង្ហាញសញ្ញានៃការថមថយឡើយក្នុងជម្លោះជិតមួយខែមកនេះ។
នៅក្នុងជំនួបតាមទូរសព្ទដាច់ដោយឡែកជាមួយសមភាគីទួរគីនិងអេហ្ស៊ីប លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជំរុញឱ្យមានកិច្ចសន្ទនា ដោយលើកឡើងថា ទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបង្ហាញសញ្ញាថា ពួកគេមានឆន្ទៈវិលត្រឡប់មកតុចរចាវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលទីក្រុងប៉េកាំង បានចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា បានឱ្យដឹងថា លោក Wang បានប្រាប់រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបថា «ដោយសារទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបង្ហាញពីឆន្ទៈក្នុងការចរចា ក្តីសង្ឃឹមសម្រាប់សន្តិភាពបានលេចចេញឡើង»៕

