លោក Nickolay Mladenov អ្នកតំណាងជាន់ខ្ពស់សម្រាប់តំបន់ហ្កាហ្សានៃ «ក្រុមប្រឹក្សាសន្តិភាព» បានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាលើកដំបូង។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្កើតក្រុមប្រឹក្សានេះ ដើម្បីត្រួតពិនិត្យអភិបាលកិច្ចអន្តរកាលនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។

លោក Mladenov បាននិយាយថា សមាជិកនៃ «គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សា» កំពុងត្រៀមចូលទៅក្នុងតំបន់នោះ។ លោកនិយាយថា «អ្នកបច្ចេកទេសប៉ាឡេស្ទីនចំនួន ១៥ នាក់ ដែលត្រូវបានអនុម័តដោយការឯកភាពគ្នាក្នុងចំណោមក្រុមប៉ាឡេស្ទីន បច្ចុប្បន្នបានបង្កើតជាអាជ្ញាធរស៊ីវិលអន្តរកាលថ្មីសម្រាប់តំបន់ហ្កាហ្សា»។

លោកបាននិយាយថា គណៈកម្មាធិការ «បានធ្វើឲ្យមានវឌ្ឍនភាពយ៉ាងខ្លាំងក្នុងការត្រួតពិនិត្យបេក្ខជននគរបាលស៊ីវិលប៉ាឡេស្ទីនមានសមត្ថភាពរាប់ម៉ឺននាក់ ដែលនឹងបង្កើតជាឆ្អឹងខ្នងនៃច្បាប់ និងសណ្តាប់ធ្នាប់នៅតំបន់ហ្កាហ្សា»។ លោកបាននិយាយបន្ថែមថា ប្រទេសអាល់បានី ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន កូសូវ៉ូ និងម៉ារ៉ុក បានប្តេជ្ញាបញ្ជូនកងទ័ពជាផ្នែកមួយនៃកងកម្លាំងអន្តរជាតិ។ ពួកគេនឹងទទួលខុសត្រូវក្នុងការដកហូតអាវុធពីក្រុមហាម៉ាស និងក្រុមដទៃទៀត ហើយលោកបានអំពាវនាវឱ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ពិចារណាបញ្ជូនកងកម្លាំងផ្ទាល់របស់ពួកគេ។
លោកបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ហ្កាហ្សាចំនួន ៦០ ទៅ ៧០ ភាគរយ ត្រូវបានបំផ្លាញ ហើយប្រព័ន្ធថែទាំសុខភាពបាន «ដួលរលំ»។ ក្រុមប្រឹក្សា បាននិងកំពុងពិភាក្សាជាមួយអាជ្ញាធរអ៊ីស្រាអែល ព្រោះចង់ធ្វើឱ្យប្រាកដថាចំនួនរថយន្តដឹកជំនួយដែលចូលទៅក្នុងតំបន់ហ្កាហ្សានឹងកើនឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។