ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖
- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស, ប្រជាពលរដ្ឋខ្មែររស់នៅឯនាយសមុទ្រ និងកងរក្សាសន្តិភាពកម្ពុជា ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិនៅតាមបណ្តាប្រទេសនានា។
- សម្តេចតេជោ ហ៊ុន សែន បានដាក់ជាសំនួរថា ហេតុអ្វីយើងចាំបាច់ធ្វើស្ពានអាកាស និងផ្លូវក្រោមដី? ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសកំណើន នៃយានយន្ត ដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីធ្វើទំនើបកម្ម ព្រមទាំងសោភ័ណភាពរាជធានីភ្នំពេញផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកទល់ពេលនេះកំណើននៃស្ពានអាកាស និងផ្លូវក្រោមដី នៅរាជធានីភ្នំពេញ កំពុងតែកើនឡើងជាបន្តបន្ទាប់ ដែលមកទល់មានពេលមានចំនួន៦ហើយ ក្នុងនោះ១ កំពុងដំណើរការសាងសង់បន្ត ដើម្បីបំពេញតម្រូវចរាចរណ៍នៅរាជធានីភ្នំពេញ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ពានអាកាសទាំង៦នៅរាជធានីភ្នំពេញ គឺជាទស្សនវិស័យ នៃការដោះស្រាយបញ្ហា ព្រមទាំងកើតចេញពីគំនិតច្នៃប្រឌិតរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការ«យករាជធានីភ្នំពេញ ចិញ្ចឹមរាជធានីភ្នំពេញ»ឬ យកស្លឹកត្នោត ខ្ចប់ស្ករត្នោត។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកំណើនខ្លាំងផ្នែកប្រជាសាស្ត្រ នៃប្រជាជនកម្ពុជា ដែលជាកំណើនមួយដ៏ខ្ពស់ ក្នុងចំណោមប្រទេសនានានៅក្បែរខាងកម្ពុជា ដែលតម្រូវឱ្យរាជរដ្ឋាភិបាលគិតគូរខ្ពស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសេវាកម្មតម្រូវការ និងហេដ្ឋារចនាសម្ព័ន្ធនានា។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ ដោយយើងមិនអាចពឹងផ្អែកទាំងស្រុងតែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។ សម្តេចបញ្ជាក់ថា កម្ពុជាបានឱ្យតម្លៃ និងយល់ឃើញពីគុណតម្លៃសុខសន្តិភាព តាំងទសវត្សរ៍ឆ្នាំ១៩៧៩មកម្លេះ ដែលសន្តិភាពទាំងនេះហើយ គឺកត្តាផ្តើម នៃអ្វីៗទាំងអស់នៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនប្រាកដថាអ្នកដែលទន្ទេញចាំមាត់រឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ស្រលាញ់ និងចូលរួមដោះស្រាយបញ្ហាទាំងនោះឡើយ ដែលជាក់ស្តែងយើងមើលឃើញពីបណ្តាប្រទេសទាំងនោះ កំពុងរើសអើងជាតិសាសន៍ និងមិនខ្វល់ពីបញ្ហាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យឡើយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺនៅតែសម្តេចដដែល។ ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដដែល។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលើកឡើងពីគុណតម្លៃនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាឧបករណ៍មួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ជួយឱ្យសហគមន៍កម្ពុជា មានភាពស៊ាំប្រឆាំងនឹងការឆ្លរីករាលដាលជំងឺកូវីដ-១៩បានយ៉ាងគាប់ប្រសើរ។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា មកទល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយនាពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងកូវីដ-១៩ ជាង១លានដូលពីអ៊ីតាលី និងពីសហរដ្ឋអាមេរិក នឹងមកដល់ជាបន្តបន្ទាប់ បន្ថែមលើវ៉ាក់សាំងចិន ដែលកម្ពុជាទទួលបានជាអចិន្ត្រៃយ៍ និងជាយុទ្ធសាស្ត្រ។
- សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីប្រកាសថា ពេលនេះចំណូលផ្ទៃក្នុងកម្ពុជាបានបំបែកកំណត់ត្រា (ឯតទគ្គកម្ម)គួឱ្យមោទនភាព ដែលសម្តេចក៏បានផ្ញើសារកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មដោយជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន១២៤.០២ភាគរយ នៃផែនការប្រចាំឆ្នាំ ស្មើនឹង ២១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥លានដុល្លារ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរការអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគិរី រយៈពេលជាង៩ខែមកនេះ ផលិតបានមាសចំនួន២.២៧៥គីឡូក្រាម ហើយកម្ពុជាកំពុងសិក្សា ស្រាវជ្រាវកន្លែងផ្សេងៗទៀត ខណៈដែលប្រទេសនានា លើពិភពលោកកំពុងដំណើរការអាជីវកម្មរ៉ែមាសនេះ យ៉ាងផុសផុល និងយូរឆ្នាំមកហើយ។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចកំពុងពិភាក្សាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការបង្កើនប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការចូលនិវត្តន៍ ដែលមានប្រាក់ខែទាប ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈងាយស្រួល និងរក្សាសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈជូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៨ និង៥២នាទី