ការបង្កើតដ្រូន និងបច្ចេកវិទ្យាថ្មីៗ របស់យុវជនកំពុងដាក់បង្ហាញក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ស្ថិតនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី២៥រហូតដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦។ ការបង្កើតបច្ចេកវិទ្យារបស់យុវជនទាំងនេះ គឺបានចូលរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ។
យុវជនដែលបានចូលរួមក្នុងទិវាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នៅព្រឹកថ្ងៃទី២៦ ខែមីនា នេះ បានប្រាប់BTVថា ការបង្កើតបច្ចេកវិទ្យាថ្មីៗ ដូចជា៖ ដ្រូន រ៉ូបូត និងកម្មវិធីបច្ចេកវិទ្យាជាច្រើនទៀតនោះ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់អ្នកមានតម្រូវការប្រើប្រាស់ និងជាការចូលរួមចំណែកជំរុញវិស័យបច្ចេកនៅក្នុងប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនដូចបណ្តាប្រទេសជឿនលឿននៅក្នុងពិភពលោក។ លើសពីនេះ យុវជនទាំងនោះ បានប្តេជ្ញាខិតខំប្រឹងប្រែងស្រាវជ្រាវរកបច្ចេកទេសថ្មីបន្ថែមទៀត។
គួរបញ្ជាក់ដែរថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ និងធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ឧស្សាហកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងប្រជាជនកម្ពុជាទាំងអស់ធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យក បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា៕
អត្ថបទ៖ទូច សោភ័ណ







