មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយថា ការចរចាជាមួយអ៊ីស្រាអែលដែលកំពុងរងការវាយប្រហារនឹងស្មើនឹងការ «ចុះចាញ់» ខណៈដែលក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារ ហើយអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពង្រីក «តំបន់ទ្រនាប់» នៅខាងក្នុងប្រទេសលីបង់។
អ៊ីស្រាអែល ដែលបានកាន់កាប់ភាគខាងត្បូងប្រទេសលីបង់អស់រយៈពេលប្រហែលពីរទសវត្សរ៍ រហូតដល់ឆ្នាំ ២០០០ បានបន្តវាយប្រហារលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន និងបានបញ្ជូនកងទ័ពជើងគោក ដើម្បីគ្រប់គ្រងតំបន់មួយ រហូតដល់ទន្លេ Litani មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ (២០ ម៉ាយ) ពីព្រំដែន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា យោធាបាន «បង្កើតតំបន់សន្តិសុខពិតប្រាកដ» រួចហើយ ហើយឥឡូវនេះកំពុងពង្រីកវា ដោយរុលចូលកាន់តែជ្រៅទៅក្នុងលីបង់។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងវីដេអូមួយដែលចែករំលែកដោយការិយាល័យរបស់លោកថា៖ «យើងគ្រាន់តែបង្កើតតំបន់ទ្រនាប់ឲ្យកាន់តែធំ» ដែលអាចទប់ស្កាតការឈ្លានពាទឹដីរបស់អ៊ីស្រាអែល និងការវាយប្រហារដោយមីស៊ីល។
ទន្ទឹមនឹងនេះ ក្រុមហេសបូឡា បានចេញសេចក្តីថ្លែងការណ៍រាប់សិប ដែលអះអាងពីការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល ហើយបាននិយាយថា នៅព្រឹកថ្ងៃព្រហស្បតិ៍ (២៦ មីនា)នេះ ខ្លួនក៏បានបាញ់មីស៊ីល ទៅលើទីតាំងយោធា នៅកណ្តាលប្រទេសអ៊ីស្រាអែល ជាកន្លែងដែលសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស បានរោទិ៍ឡើង៕
