សមាជិកសភាជាន់ខ្ពស់របស់ប្រទេសចិន លោក Zhao Leji បានអំពាវនាវឲ្យមាន «គំរូសន្តិសុខអាស៊ី» ដែលផ្អែកលើការសន្ទនា និងការមិនជ្រៀតជ្រែក ក្នុងអំឡុងពេលមានទិដ្ឋភាពភូមិសាស្ត្រនយោបាយដ៏តានតឹង ខណៈពេលដែលចាត់ទុកទីក្រុងប៉េកាំងជាកម្លាំងជំរុញដល់កំណើនសកលលោក ដែលផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) អំឡុងពេលថ្លែងសុន្ទរកថាដ៏សំខាន់មួយ នៅឯវេទិកា Boao សម្រាប់អាស៊ី (Boao Forum for Asia ) នៅក្នុងខេត្តតំបន់ត្រូពិចរបស់ចិន គឺ Hainan លោក Zhao បានលើកឡើងថា៖ «យើងគួរតែគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ ប្រកាន់ខ្ជាប់នូវការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈមធ្យោបាយសន្តិភាព ដើម្បីកសាងគំរូសន្តិសុខអាស៊ីដែលផ្អែកលើការសន្ទនា និងការពិគ្រោះយោបល់»។

ដោយចាត់ទុកអាស៊ីជាសសរស្តម្ភដ៏សំខាន់នៃស្ថិរភាព លោក Zhao ដែលជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានអំពាវនាវដល់ប្រទេសនានាក្នុងតំបន់ឲ្យពង្រឹងការធ្វើសមាហរណកម្ម និងរក្សាខ្សែច្រវាក់ផ្គត់ផ្គង់ឲ្យមានស្ថិរភាព។ នៅក្នុងសុន្ទរកថាដែលមានរយៈពេលប្រហែល ១៥នាទី លោកបានបន្ថែមថា៖ «ប្រទេសអាស៊ីបានបង្កើតមាគ៌ានៃការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយបង្កើតបានជាតំបន់អាស៊ីដ៏មហស្ចារ្យ»។
ក្នុងពេលជាមួយគ្នានេះ លោក Zhao បានប្រឆាំងនឹងអ្វីដែលលោកបានពិពណ៌នាថា ជានយោបាយប្រើអំណាច និងសម្លុតកំហែង ដោយជំរុញឲ្យប្រទេសនានាច្រានចោលការប្រឈមមុខដាក់គ្នា រវាងប្លុក និងពង្រឹងកិច្ចសហប្រតិបត្តិការ។ បើទោះបីជាមិនមានប្រទេសណាមួយត្រូវបានបញ្ចេញឈ្មោះឲ្យចំៗក៏ដោយ ក៏មតិយោបល់របស់លោកបានកើតឡើង ក្នុងពេលមានវិធីសាស្រ្តជាឯកតោភាគីកាន់តែខ្លាំងឡើងៗរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump ក្នុងនោះរួមទាំងការប្រើប្រាស់វិធានការដំឡើងពន្ធផងដែរ៕
