កាលពីថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) គណៈវិនិច្ឆ័យ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានរកឃើញថា ក្រុមហ៊ុន Meta និង YouTube ត្រូវទទួលខុសត្រូវ ចំពោះការបង្កគ្រោះថ្នាក់ដល់ស្ត្រីវ័យក្មេងម្នាក់ ដោយសារតែការរចនាកម្មវិធីធ្វើឲ្យញៀនវេទិកាបណ្ដាញសង្គមរបស់ពួកគេ ដោយបង្គាប់បញ្ជាឲ្យក្រុមហ៊ុនបង់ប្រាក់សំណង ៦លានដុល្លារ ក្នុងនោះរួមទាំងសំណងពិន័យ ៣លានដុល្លារផងដែរ។
សាលក្រមនេះបានផ្តល់ឲ្យអ្នកប្ដឹងផ្សេងទៀត ក្នុងសំណុំរឿងដែលកំពុងរង់ចាំស្រដៀងគ្នានេះជាង ១.០០០ករណី នូវការមានប្រៀប ហើយជាសញ្ញាទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យាដ៏ទូលំទូលាយថា គណៈវិនិច្ឆ័យបានត្រៀមរួចរាល់ហើយ ដើម្បីឲ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ទទួលខុសត្រូវ ចំពោះផលប៉ះពាល់សុខភាពផ្លូវចិត្តដោយសារជម្រើសរចនាកម្មវិធីរបស់ពួកគេ។

គណៈវិនិច្ឆ័យបានឆ្លើយថា មែនហើយ ចំពោះសំណួរទាំង៧ នៅក្នុងសាលក្រម សម្រាប់ក្រុមហ៊ុនទាំង២ ដោយរកឃើញថា Meta និង YouTube មានការធ្វេសប្រហែស ក្នុងការរចនាកម្មវិធី និងប្រតិបត្តិការវេទិការបស់ពួកគេ ហើយការធ្វេសប្រហែសរបស់ពួកគេ គឺជាកត្តាសំខាន់មួយ ក្នុងការបង្កគ្រោះថ្នាក់ដល់ដើមបណ្តឹង។
ជាមួយគ្នានេះ សមាជិកគណៈវិនិច្ឆ័យទាំងអស់ ក៏បានរកឃើញថា ក្រុមហ៊ុនទាំង២ បានដឹង ឬគួរតែបានដឹងថា សេវាកម្មរបស់ពួកគេបង្កគ្រោះថ្នាក់ដល់អនីតិជន ដោយបានបន្ថែមថា ពួកគេបានបរាជ័យក្នុងការព្រមានអ្នកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់អំពីគ្រោះថ្នាក់នោះ ហើយប្រតិបត្តិករវេទិកាស្តង់ដារ នឹងធ្វើដូច្នេះ។ យ៉ាងណាក្ដី ក្រុមហ៊ុនទាំង២ បានឲ្យដឹងថា ខ្លួននឹងប្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចនេះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google ដែលជាម្ចាស់របស់ YouTube បានប្រាប់ថា ខ្លួនគឺជាវេទិកាបង្កើតវីដេអូ មិនមែនវេបសាយបណ្ដាញសង្គមទេ ខណៈអ្នកនាំពាក្យរបស់ Meta បាននិយាយថា «សុខភាពផ្លូវចិត្តរបស់ក្មេងជំទង់មានភាពស្មុគស្មាញយ៉ាងខ្លាំង ហើយមិនអាចភ្ជាប់ទៅនឹងកម្មវិធីរបស់បណ្ដាញសង្គមតែមួយបានឡើយ»៕

