រដ្ឋមន្ត្រីពាណិជ្ជកម្មនឹងជួបប្រជុំគ្នា នៅប្រទេសកាមេរូន នាថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះ ដើម្បីបើកការពិភាក្សាដ៏សំខាន់ ស្តីពីការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈដែលមន្ត្រីការទូត និងមន្ត្រីពាណិជ្ជកម្មមួយចំនួន ព្រមានថា បើគ្មានការឈានដល់កិច្ចព្រមព្រៀងទេនោះ ប្រទេសនានាអាចកំណត់ច្បាប់ពាណិជ្ជកម្មនៅខាងក្រៅអង្គការនេះ។
ការជួបជុំរយៈពេល ៤ថ្ងៃ នៅទីក្រុង Yaounde បានកើតឡើង ស្របពេលមានការព្រួយបារម្ភ អំពីផលប៉ះពាល់លើពាណិជ្ជកម្មពិភពលោក ដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីមានភាពវឹកវរដោយសារពន្ធគយ រយៈពេល ១ឆ្នាំ ដែលបង្កឡើងដោយការយកពាណិជ្ជកម្មជាអាវុធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

អគ្គលេខាធិការនៃសភាពាណិជ្ជកម្មអន្តរជាតិ លោក John Denton បានលោកឡើងថា «ពីទស្សនៈអាជីវកម្ម សភាពការណ៍នេះអាចក្លាយជាវិបត្តិឧស្សាហកម្មដ៏អាក្រក់បំផុត» ដោយលោកបានព្រមានអំពីផលប៉ះពាល់ដោយសារការកើនឡើងនូវតម្លៃថាមពលដែលបណ្តាលមកពីសង្គ្រាម ហើយបន្ទាប់មក ហានិភ័យសន្តិសុខស្បៀងអាហារ នៅតំបន់អាហ្វ្រិក ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ជី។
ក្រោយកិច្ចព្រមព្រៀងពហុភាគីជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ និងការមិនដំណើរការរយៈពេល ៦ឆ្នាំនៃប្រព័ន្ធដោះស្រាយវិវាទរបស់ WTO រដ្ឋមន្ត្រីទាំងអស់ បានទៅដល់ទីក្រុង Yaounde ដោយគ្មានផែនទីបង្ហាញផ្លូវកំណែទម្រង់ច្បាស់លាស់ ស្របពេលមានការបែកបាក់ធ្ងន់ធ្ងរ។ ប្រសិនបើរដ្ឋមន្ត្រីទាំងអស់ចាកចេញទៅវិញដោយមិនមានលទ្ធផលអ្វីសោះនោះ អ្នកការទូត និងមន្ត្រី បានព្រមានថា វាអាចជំរុញឲ្យសមាជិកស្វែងរកជម្រើសផ្សេងទៀត ដើម្បីបង្កើតច្បាប់ពាណិជ្ជកម្ម៕
