រដ្ឋបាលសន្តិសុខដឹកជញ្ជូន (TSA) បានព្រមានថា សន្តិសុខអាកាសយានដ្ឋាន កំពុងស្ថិតនៅក្រោមសម្ពាធធ្ងន់ធ្ងរ ខណៈដែលការបិទមូលនិធិរបស់ក្រសួងសន្តិសុខមាតុភូមិរយៈពេល ១សប្តាហ៍ នាំឲ្យមានការខ្វះខាតបុគ្គលិក ពេលវេលារង់ចាំយូរ និងការរំខានកាន់តែខ្លាំងឡើងៗ នៅទូទាំងសហរដ្ឋអាមេរិក។

កាលពីថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) អ្នកគ្រប់គ្រង TSA ស្តីទី លោកស្រី Ha Nguyen McNeill បានប្រាប់សមាជិកសភាថា៖ «បញ្ហានេះបាននាំឲ្យមានពេលវេលារង់ចាំយូរបំផុតក្នុងប្រវត្តិសាស្ត្រ TSA ដោយពេលវេលារង់ចាំខ្លះ លើសពី ៤ម៉ោងកន្លះ»។ លោកស្រីបានបន្ថែមថា ទីភ្នាក់ងារនេះលែងមានមន្ត្រីសន្តិសុខដឹកជញ្ជូនជាង ៤៨០នាក់រួចហើយ ក្នុងអំឡុងពេលមានការបិទរដ្ឋាភិបាលដោយផ្នែកនេះ។
អាកាសយានដ្ឋានដែលរងផលប៉ះពាល់យ៉ាងខ្លាំង រួមមានអាកាសយានដ្ឋាននៅទីក្រុង Atlanta, Houston និង New York។ ការឈរតម្រង់ជួរ បានមានប្រវែងដ៏វែងយ៉ាងរញ៉េរញ៉ៃ តាមស្ថានីយអ្នកដំណើរ នៅកន្លែងយកអីវ៉ាន់ និងសូម្បីតែនៅខាងក្រៅ។ រឿងរ៉ាវមួយចំនួន ត្រូវបានចែករំលែកព្រោងព្រាតពេញយ៉ាងឆាប់រហ័ស លើបណ្តាញសង្គម ជាកន្លែងដែលអ្នកដំណើរពេញដោយខកចិត្ត បានត្អូញត្អែរអំពីការរង់ចាំ និងការខកជើងហោះហើរដែលអាចមាន។
សមាជិកសភាមកពីគណបក្សទាំង២ បានប្រើប្រាស់សវនាការបស់គណៈកម្មាធិការសន្តិសុខមាតុភូមិសភា ដើម្បីសួរលោកស្រី McNeill អំពីផលប៉ះពាល់ប្រតិបត្តិការនៃការបិទរដ្ឋាភិបាល និងការឆ្លើយតបរបស់ទីភ្នាក់ងារ។ ក្រុមសាធារណរដ្ឋ បាននិយាយថា ការខ្វះខាតថវិកា កំពុងធ្វើឲ្យសន្តិសុខជាតិចុះខ្សោយ និងធ្វើឲ្យបុគ្គលិកជួរមុខជួបការលំបាក ខណៈដែលខាងក្រុមប្រជាធិបតេយ្យ បានជំទាស់នឹងការពឹងផ្អែករបស់រដ្ឋបាល លើទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ដើម្បីគាំទ្រប្រតិបត្តិការអាកាសយានដ្ឋាន៕


