អ្នកនាំពាក្យរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ការជាប់ពាក់ព័ន្ធរបស់ប្រទេសជប៉ុនក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ធ្វើឱ្យអន្តរាយដល់ទស្សនវិស័យសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ ហើយនឹងត្រូវបានទីក្រុងមូស្គូចាត់ទុកថាជាសកម្មភាពអរិភាព។

ដោយធ្វើអត្ថាធិប្បាយលើរបាយការណ៍អំពីលទ្ធភាពនៃការផ្គត់ផ្គង់យានដ្រូនដល់ប្រទេសជប៉ុនពីអ៊ុយក្រែន អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយថា របាយការណ៍បែបនេះ «បញ្ជាក់ជាថ្មីម្តងទៀតនូវការពិតដែលថា ទីក្រុងតូក្យូកំពុងចូលរួមយ៉ាងជ្រៅក្នុងកិច្ចសហប្រតិបត្តិការយោធាជាមួយរបបទីក្រុងគីវ ដែលទាមទារអាវុធដោយបើកចំហសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនជាថ្នូរនឹងយានដ្រូន»។
លោកស្រី Zakharova បាននិយាយថា «វាច្បាស់ណាស់ថា ទាំងអស់នេះកំពុងធ្វើឲ្យអន្តរាយទស្សនវិស័យសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះនៅអ៊ុយក្រែន»។ លោកស្រីបានលើកឡើងថា ទីក្រុងមូស្គូ ចាត់ទុកការប៉ុនប៉ងណាមួយរបស់ទីក្រុងតូក្យូក្នុងការរៀបចំការផ្គត់ផ្គង់អាវុធ និងយុទ្ធោបករណ៍ផ្សេងៗ ដល់ទីក្រុងគីវថាជាសកម្មភាពអរិភាពប្រឆាំងនឹងរុស្ស៊ី។
លោកស្រី Zakharova បានព្រមានថា «ចំណាត់ការបែបនេះ នឹងមិនត្រូវបានមើលរំលងឡើយ ហើយនឹងតម្រូវឱ្យមានវិធានការសងសឹកខ្លាំងក្លា»។ កាលពីថ្ងៃទី១៤ ខែមីនា សារព័ត៌មាន Kyodo News របស់ជប៉ុន បានរាយការណ៍ថា ប្រទេសជប៉ុនកំពុងពិចារណាផ្តល់សព្វាវុធដល់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងយានដ្រូនរបស់អ៊ុយក្រែន។
