យោធាអ៊ីស្រាអែល បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលយោងតាមគ្រូពេទ្យ បានបណ្តាលឲ្យមនុស្ស ៦នាក់ រងរបួសស្រាល និងបង្កឲ្យខូចខាតខ្លះ។
អ្នកនាំពាក្យរបស់សេវាសង្គ្រោះបន្ទាន់ Magen David Adom (MDA) របស់អ៊ីស្រាអែល បាននិយាយថា គ្រូពេទ្យសង្គ្រោះបឋម កំពុងផ្តល់ការព្យាបាលដល់ «មនុស្ស ៦នាក់ ដែលបានរងរបួសស្រាល ដោយសារផលប៉ះពាល់នៃការផ្ទុះនោះ»។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យរបស់ MDA បានប្រាប់វិទ្យុសាធារណៈថា មានការខូចខាតដល់ផ្ទះជាច្រើនខ្នង នៅក្នុងទីក្រុងកណ្តាល Kafr Qassem ដែលអភិបាលក្រុងលោក Haitham Taha បាននិយាយថា វាបណ្តាលមកពីគ្រាប់បែកចង្កោម។
យោធាបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនៃបញ្ជាការដ្ឋានការពារពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់កន្លែងវាយប្រហារ «នៅភាគកណ្តាលអ៊ីស្រាអែល»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកចំនួនបី ក្នុងរយៈពេលប្រហែល ៩០ នាទី យោធាបាននិយាយថា ខ្លួនបាន «កំណត់អត្តសញ្ញាណមីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់ទឹកដីនៃរដ្ឋអ៊ីស្រាអែល»៕
