ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ជនអន្តោប្រវេសន៍យ៉ាងតិច ៩នាក់ បានបាត់បង់ជីវិត ហើយ ៤៥នាក់ទៀត បាត់ខ្លួន បន្ទាប់ពីទូក ១គ្រឿង បានលិចនៅម្ដុំឆ្នេរសមុទ្ររបស់ប្រទេសជីប៊ូទី ក្នុងសប្តាហ៍នេះ។

ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ ប្រើប្រាស់ «ផ្លូវភាគខាងកើត» ពីតំបន់ញកអាហ្វ្រិក (Horn of Africa) ធ្វើដំណើរទៅកាន់ឧបទ្វីបអារ៉ាប់ជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកការងារ ដោយធ្វើជាកម្មករ ឬអ្នកបម្រើតាមផ្ទះ។
ឆ្នាំមុន គឺជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងកំណត់ត្រា នៅតាមផ្លូវធ្វើដំណើរនេះ ដោយអង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍ (IOM) បានកត់ត្រាមនុស្សស្លាប់ចំនួន ៩២២នាក់ ដែលកើនឡើងទ្វេដង ដូចឆ្នាំ២០២៤។
IOM បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «គ្រោះថ្នាក់លិចនាវាដ៏សោកសៅមួយ បានកើតឡើងនៅយប់ថ្ងៃទី២៤ ខែមីនា នៅម្ដុំឆ្នេរសមុទ្រនៃប្រទេសជីប៊ូទី ភាគខាងជើងទីក្រុង Obock ដោយមានមនុស្សស្លាប់ ៩នាក់ បាត់ខ្លួន ៤៥នាក់ ក្នុងចំណោមអ្នកដំណើរ ៣២០នាក់»។
ជនអន្តោប្រវេសន៍ភាគច្រើន ធ្វើដំណើរមកពីប្រទេសអេត្យូពី ដោយការចាកចេញនោះបណ្តាលមកពីភាពក្រីក្រ និងជម្លោះផ្ទៃក្នុង ហើយឆ្លងកាត់សមុទ្រក្រហម នៅចំណុចឆ្លងកាត់ខ្លីបំផុត ពីជីប៊ូទី ទៅយេម៉ែន៕
