រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះថា ការចរចាដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ចប់សង្គ្រាមរបស់ប្រទេសទាំង២ ដោយប្រើទីក្រុងអ៊ីស្លាម៉ាបាដជាអន្តរការី។
លោក Dar ដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រីដែរនោះ បានពិពណ៌នាពាក្យចចាមអារ៉ាម អំពី «ការចរចាសន្តិភាព» ថា ជាការនិយាយ «មិនចាំបាច់» ដោយបន្ថែមថា៖ «តាមពិតទៅ ការចរចាដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងដំណើរការ តាមរយៈសារដែលត្រូវបានបញ្ជូនបន្តដោយប៉ាគីស្ថាន។
លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «នៅក្នុងបរិបទនេះ សហរដ្ឋអាមេរិកបានចែករំលែកចំនួន ១៥ចំណុច ដែលកំពុងត្រូវបានពិភាក្សាដោយអ៊ីរ៉ង់។ ប្រទេសបងប្អូន គឺទួរគី និងអេហ្ស៊ីប ក្នុងចំណោមប្រទេសផ្សេងទៀត ក៏កំពុងពង្រីកការគាំទ្ររបស់ពួកគេ ចំពោះគំនិតផ្ដួចផ្ដើមនេះដែរ»។
ការអត្ថាធិប្បាយរបស់លោក Dar គឺជាការបញ្ជាក់អះអាងផ្លូវការជាសាធារណៈដំបូងពីទីក្រុងអ៊ីស្លាម៉ាបាដ ដែលថា ប្រទេសប៉ាគីស្ថានកំពុងដើរតួនាទីសម្របសម្រួល។ មន្ត្រីជាន់ខ្ពស់ ២រូប បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា ផែនការរបស់សហរដ្ឋអាមេរិក ត្រូវបាន «បញ្ជូនទៅកាន់អ៊ីរ៉ង់ តាមរយៈប៉ាគីស្ថាន» ប៉ុន្តែបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឡើយ។
មន្ត្រីទាំងនេះ បានបន្ថែមថា មេបញ្ជាការកងទ័ពប៉ាគីស្ថានដ៏មានឥទ្ធិពល គឺលោក Field Marshal Asim Munir បានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងផ្នែកការទូត ហើយបានជជែកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបដិសេធថា មិនមាន «ការចរចា» ណាមួយជាមួយរដ្ឋបាលនៅទីក្រុងវ៉ាស៊ីនតោនឡើយ ប៉ុន្តែបានទទួលស្គាល់ថា សារកំពុងត្រូវបានបញ្ជូនទៅវិញទៅមក តាមរយៈប្រទេសជាមិត្ត៕