នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោកដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះ ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte បានលើកឡើងថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់សម្ព័ន្ធភាពនេះ និងប្រទេសកាណាដា បានបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ២០ភាគរយ នៅឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយជំរុញឲ្យសមាជិកណាតូបន្តរក្សាសន្ទុះនេះ។
អមដោយការបន្ថែមថា «ចំណងទាក់ទងឆ្លងមហាសមុទ្រអាត្លង់ទិកដ៏រឹងមាំ នៅតែមានសារៈសំខាន់ក្នុងយុគសម័យនៃភាពមិនប្រាកដប្រជាជាសកល» លោកបានសរសេរថា៖ «ខ្ញុំរំពឹងថា សម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ លើកក្រោយនៅទីក្រុងអង់ការ៉ា (ទួរគី) នឹងបង្ហាញថា ពួកគេស្ថិតនៅលើផ្លូវច្បាស់លាស់ និងគួរឲ្យទុកចិត្តឆ្ពោះទៅរកគោលដៅ ៥ភាគរយ»។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាមទារម្តងហើយម្តងទៀតថា ដៃគូក្នុងអង្គការណាតូ ត្រូវបង្កើនការចំណាយលើវិស័យការពារជាតិឲ្យខ្លាំង ខណៈដែលរដ្ឋបាលអាមេរិក អះអាងថា សម្ព័ន្ធមិត្តអឺរ៉ុបគួរតែទទួលខុសត្រូវជាចម្បង ចំពោះការការពារធម្មតារបស់ទ្វីបនេះ។
ហើយនៅថ្ងៃព្រហស្បតិ៍នេះដែរ លោក Trump បានរិះគន់សម្ព័ន្ធមិត្តណាតូដោយសរសេរសារនៅលើបណ្ដាញសង្គម Truth Social ថា ប្រទេសសមាជិកអង្គការណាតូ ពិតជាមិនបានធ្វើអ្វីទាល់តែសោះ «ដើម្បីជួយក្នុងជម្លោះជាមួយអ៊ីរ៉ង់»។
យ៉ាងណាក្ដី នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោក លោក Rutte បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៥ «សម្ព័ន្ធមិត្តទាំងអស់ បានរាយការណ៍ពីតួលេខចំណាយ លើវិស័យការពារជាតិដែលសម្រេចបាន ឬលើសពីគោលដៅ ២ ភាគរយដែលបានកំណត់ដំបូង ក្នុងឆ្នាំ២០១៤ ដោយប្រទេសជាច្រើនបានបង្កើនការចំណាយយ៉ាងខ្លាំង»។
បណ្ដាមេដឹកនាំនៃប្រទេសសមាជិកអង្គការណាតូ បានយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងឆ្នាំ២០២៥ ក្នុងការចំណាយ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប លើវិស័យការពារជាតិ និងការវិនិយោគពាក់ព័ន្ធនៅឆ្នាំ២០៣៥៕
