នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានព្រមានសហរដ្ឋអាមេរិកពីការនាំជម្លោះ និងភាពវឹកវរនៃសង្រ្គាមមកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួននិយាយថា ពួកគេនឹងជំរុញការសាងសង់មូលដ្ឋានអាវុធនៅប្រទេសហ្វីលីពីន ។
យោងតាមសេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា ក្រុមការពារអន្តររដ្ឋាភិបាលដឹកនាំដោយសហរដ្ឋអាមេរិក បានឯកភាពគ្នាកាលពីសប្តាហ៍មុន ដើម្បីវាយតម្លៃហិរញ្ញប្បទានសម្រាប់ការផ្គុំ និងខ្សែសង្វាក់ផលិតកម្មគ្រាប់រំសេវថ្មីនៅប្រទេសហ្វីលីពីន ។
ការសម្រេចចិត្តនេះ ត្រូវបានបង្កើតឡើងដោយសមាជិកចំនួន ១៦នៃក្រុមដៃគូភាពធន់ឧស្សាហកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក(PIPIR)ដែលរួមបញ្ជូលអង់គ្លេស អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ។
ក្រសួងការបរទេសចិន បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ទីតាំងផលិតគ្រាប់រំសេវ នឹងធ្វើឲ្យអស្ថិរភាពក្នុងតំបន់ និងបង្កផលប៉ះពាល់តែប៉ុណ្ណោះ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ គួរតែគោរពគោលបំណងរួមរបស់ប្រទេសក្នុងតំបន់ ហើយនិងចៀសវាងនាំការប្រឈមដាក់គ្នាក្នុងប្លុក ជម្លោះ និងភាពវឹកវរនៃសង្រ្គាមមកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
លោកបន្តថា បើសិនជាប្រទេសពាក់ព័ន្ធចង់ក្លាយជាឃ្លាំស្តុកគ្រាប់រំសេវ ពួកគេមានតែធ្វើឲ្យខ្លួនឯងរងផលប៉ះពាល់ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានប៉ះទង្គិចគ្នាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញដែនដីជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ៕