អូស្រ្តាលីបានហាមឃាត់បណ្តោះអាសន្នភ្ញៀវមកពីប្រទេសអ៊ីរ៉ង់ ដោយពួកគេអះអាងថា សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសមួយនេះ បានបង្កើនហានិភ័យថា អ្នកកាន់លិខិតឆ្លងដែនអ៊ីរ៉ង់អាចនឹងបដិសេធ ឬមិនអាចវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ពេលដែលទិដ្ឋាការរយៈពេលខ្លីរបស់ពួកគេ ផុតកំណត់ ។
ក្រសួងមហាផ្ទៃអូស្រ្តាលី និយាយកាលពីថ្ងៃពុធថា ការរឹតត្បិតលើភ្ញៀវអ៊ីរ៉ង់នឹងមានរយៈពេល ៦ខែ ហើយវិធានការនេះស្ថិតក្នុងផលប្រយោជន៍ជាតិ ស្របពេលមានការផ្លាស់ប្តូរស្ថានការសកលយ៉ាងឆាប់រហ័ស ។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជម្លោះនៅអ៊ីរ៉ង់ បានបង្កើនហានិភ័យថា អ្នកកាន់ទិដ្ឋាការបណ្តោះអាសន្នមួយចំនួនមិនអាច ឬទំនងជាមិនអាចចាកចេញពីអូស្រ្តាលី ពេលដែលទិដ្ឋាការរបស់ពួកគេផុតកំណត់ ។
ពួកគេបន្តថា វិធានការនេះដែរ នឹងទុកពេលវេលាដល់រដ្ឋាភិបាល ក្នុងការវាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ ខណៈអនុញ្ញាតឲ្យមានភាពបត់បែនក្នុងករណីមានដែនកំណត់ ។
បំរាមនេះ នឹងដាក់លើពលរដ្ឋអ៊ីរ៉ង់ដែលបច្ចុប្បន្នរស់នៅក្រៅអូស្រ្តាលី បើទោះបីជាពួកគេមានទិដ្ឋាការជាភ្ញៀវរបស់អូស្រា្តលី សម្រាប់ដំណើរទេសចរណ៍ ឬការងារក៏ដោយ ។
ការលើកលែងចំពោះបំរាមនេះ រួមមានពលរដ្ឋអ៊ីរ៉ង់ដែលបានស្នាក់នៅរួចទៅហើយនៅអូស្រ្តាលី អ្នកដែលបច្ចុប្បន្នកំពុងធ្វើដំណើរទៅកាន់អូស្រ្តាលី ប្តីប្រពន្ធ ដៃគូតាមព្រឹត្តន័យ ឬកូនក្រោមអាណាព្យាបាលរបស់ពលរដ្ឋអូស្រ្តាលី ហើយនិងអ្នកដែលមានទិដ្ឋាការអចិន្រ្តៃយ៍ ៕