នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា លោកបានជជែកជាមួយមេដឹកនាំអ៊ីរ៉ង់ អេហ្ស៊ីប ទួរគី និងប្រទេសក្នុងតំបន់ផ្សេងទៀត ហើយបានបញ្ជាក់ថា ឥឡូវនេះ នាវាម៉ាឡេស៊ីត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz)។
អំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ លោក Anwar បានថ្លែងអំណរគុណដល់ប្រធានាធិបតីអ៊ីរ៉ង់ ដែលបានអនុញ្ញាតឲ្យនាវាម៉ាឡេស៊ីឆ្លងកាត់ច្រកសមុទ្រនេះ។ លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះយើងកំពុងស្ថិតក្នុងដំណើរការធ្វើឲ្យមានសេរីភាព ចំពោះនាវាដឹកប្រេងម៉ាឡេស៊ី និងកម្មករដែលពាក់ព័ន្ធ ដើម្បីឲ្យពួកគេអាចបន្តដំណើររបស់ពួកគេត្រឡប់ទៅផ្ទះសម្បែងវិញ»។
លោក Anwar បានបន្តទៀតថា លោកបានជជែកជាមួយអ៊ីរ៉ង់ និងប្រទេសដទៃទៀត ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីសម្របសម្រួលឲ្យមានសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា។ លោកបានសង្កត់ធ្ងន់ថា៖ «ប៉ុន្តែវាមិនងាយស្រួលឡើយ ព្រោះអ៊ីរ៉ង់មានអារម្មណ៍ថា ខ្លួនត្រូវបានគេបោកបញ្ឆោតម្តងហើយម្តងទៀត ហើយយល់ថា វាពិបាកក្នុងការទទួលយកជំហានឆ្ពោះទៅរកសន្តិភាព ដោយគ្មានការធានាសន្តិសុខច្បាស់លាស់ និងមានចំណងផ្លូវច្បាប់ សម្រាប់ប្រទេសរបស់ពួកគេ»។
ជាមួយគ្នានេះ លោកបានបន្ថែមថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្តការឧបត្ថម្ភធនតម្លៃប្រេង ប៉ុន្តែកំពុងចាត់វិធានការ ដើម្បីបន្ថយផលប៉ះពាល់នៃការរំខានដល់ការផ្គត់ផ្គង់។ លោកបាននិយាយថា៖ «សម្រាប់ពួកយើង ឥឡូវនេះ យើងត្រូវប្រឹងគ្រប់គ្រងស្ថានការណ៍ ពីព្រោះផលប៉ះពាល់នៃការបិទផ្លូវ នៅច្រកសមុទ្រ Hormuz សង្គ្រាម និងការផ្អាកការផ្គត់ផ្គង់ប្រេង និងឧស្ម័ន សុទ្ធតែមានផលប៉ះពាល់មកលើពួកយើងទាំងអស់គ្នា»៕