បារាំងបាននិយាយថា មេបញ្ជាការយោធារបស់ខ្លួនបានបើកកិច្ចពិភាក្សាជាមួយរដ្ឋប្រហែល ៣៥ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ (២៦ មីនា) ខណៈទីក្រុងប៉ារីសកំពុងស្វះស្វែងរកដៃគូ និងសំណើនានាសម្រាប់បេសកកម្មបើកច្រកសមុទ្រហ័រមូសឡើងវិញ នៅពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់ បានបញ្ចប់។

បណ្តាសម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងមិនចូលរួមក្នុងជម្លោះដែលកំពុងបន្តនោះទេ។ ប៉ុន្តែសកម្មភាពនៅពីក្រោយឆាកនេះ បានគូសបញ្ជាក់ឱ្យឃើញពីក្ដីបារម្ភថា បន្ទាប់ពីការប្រយុទ្ធគ្នាបញ្ចប់ អ៊ីរ៉ង់អាចនឹងបន្តគំរាមកំហែងដល់ផ្លូវទឹកដ៏សំខាន់ ដែលដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក។ ការដឹកជញ្ជូនតាមនាវានៅទីនោះ បានថយចុះស្ទើរតែទាំងស្រុង បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារលើនាវានានា ស្របពេលជម្លោះជាមួយអាមេរិក និងអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបារាំង មិនបានបញ្ជាក់ឈ្មោះមហាអំណាចបរទេសដែល ពិភាក្សាជាមួយមេបញ្ជាការកងទ័ព លោក Fabien Mandon តាមរយៈសន្និសីទវីដេអូឡើយ ប៉ុន្តែបាននិយាយថា ប្រជាជាតិទាំងនោះមកពីគ្រប់ទ្វីបទាំងអស់។ ប្រភពបានឱ្យដឹងថា ទាំងនេះគឺជាកិច្ចពិភាក្សាដំបូងប៉ុណ្ណោះដើម្បីចង់ដឹងថា តើបណ្តាប្រទេសទាំងនោះយល់ឃើញយ៉ាងណាចំពោះវិបត្តិហ័រមូស ហើយក៏ដើម្បីផ្ដល់គំនិត និងស្វែងរកមតិយោបល់ថា តើបេសកកម្មនោះគួរតែមានរូបរាងបែបណា។

សេចក្តីថ្លែងការណ៍របស់បារាំង បានបញ្ជាក់ថា៖ «គំនិតផ្តួចផ្តើមនេះ គឺមានភាពឯករាជ្យពីប្រតិបត្តិការយោធាដែលកំពុងបន្តនៅក្នុងតំបន់ ហើយមានលក្ខណៈការពារសុទ្ធសាធ។ «គោលបំណងរបស់បេសកកម្មនេះ គឺដើម្បីរៀបចំឱ្យមានការបន្តដឹកជញ្ជូនតាមនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូសឡើងវិញ នៅពេលដែលអរិភាពបានបញ្ចប់»៕