កាលពីថ្ងៃព្រហស្បតិ៍ (២៦ មីនា) មហាអំណាចអឺរ៉ុប ចោទរុស្ស៊ីថាបានជួយអ៊ីរ៉ង់ ក្នុងការកំណត់គោលដៅវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិក នៅសង្គ្រាមមជ្ឈិមបូព៌ា ហើយបានបញ្ជាក់ថា ពួកគេនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសបារាំង នាថ្ងៃសុក្រ ទី២៧ ខែមីនា នេះ។

លោក Rubio នឹងចូលរួមក្នុងថ្ងៃទីពីរនៃកិច្ចប្រជុំរដ្ឋមន្ត្រីនៃក្រុមប្រទេស G7 ដែលកំពុងប្រព្រឹត្តទៅស្របពេលសង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងក្តីបារម្ភដែលកំពុងកើនឡើងជុំវិញគោលនយោបាយការបរទេសដែលមិនអាចទាយទុកជាមុនបានរបស់អាមេរិក ក្រោមការដឹកនាំរបស់លោក Donald Trump។

ប្រភពសន្តិសុខលោកខាងលិច និងមន្ត្រីក្នុងតំបន់ដែលស្និទ្ធនឹងទីក្រុងតេអេរ៉ង់ បានប្រាប់សារព័ត៌មានរ៉យទ័រថា រុស្ស៊ីបានផ្តល់រូបភាពផ្កាយរណបដល់អ៊ីរ៉ង់ ហើយថែមទាំងបានជួយអ៊ីរ៉ង់ក្នុងការបង្កើនសមត្ថភាពដ្រូនរបស់ខ្លួន ឱ្យមានលក្ខណៈដូចទៅនឹងប្រភេទដែលរុស្ស៊ីកំពុងប្រើប្រឆាំងនឹងអ៊ុយក្រែន។ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក៏បានរាយការណ៍ថា រុស្ស៊ីកំពុងជួយអ៊ីរ៉ង់ក្នុងជម្លោះជាមួយអាមេរិក និងអ៊ីស្រាអែល ដូចដែលទីក្រុងតេអេរ៉ង់ ធ្លាប់បានជួយទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដូច្នេះដែរ។ រុស្ស៊ីបានបដិសេធចំពោះរឿងចែករំលែកព័ត៌មានសម្ងាត់បែបនេះ។

ប្រមុខគោលនយោបាយការបរទេសប្លុកអឺរ៉ុប លោកស្រី Kaja Kallas បានប្រាប់អ្នកយកព័ត៌មានក្នុងកិច្ចប្រជុំ G7 ថា៖ «អឺរ៉ុបនឹងលើកឡើងពីបញ្ហានេះ ព្រោះអឺរ៉ុបឃើញថា រុស្ស៊ីកំពុងជួយអ៊ីរ៉ង់ផ្នែកចារកម្មដើម្បីកំណត់គោលដៅលើជនជាតិអាមេរិក និងសម្លាប់ជនជាតិអាមេរិក។ រុស្ស៊ីក៏កំពុងគាំទ្រអ៊ីរ៉ង់នូវបច្ចេកវិទ្យាដ្រូន ដើម្បីឱ្យអ៊ីរ៉ង់អាចវាយប្រហារប្រទេសជិតខាង ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកផងដែរ»៕